អភិបាលឧបទ្វីបស៊ីណៃខាងជើងរបស់ប្រទេសអេហ្ស៊ីបលោក Khaled Megawer និយាយកាលពីថ្ងៃអង្គារថា រថយន្តដឹកជំនួយនៅតែបន្តហូរចូលក្នុងតំបន់ហ្កាហ្សាធម្មតាទេ ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកបើកបររថយន្តដឹកជំនួយ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា រថយន្តរបស់ពួកគេបានធ្វើដំណើរឆ្លងកាត់ច្រកព្រំដែន Rafahពិតមែន ប៉ុន្តែរថយន្តមួយចំនួន ពុំត្រូវបានអនុញ្ញាតឲ្យដាក់ជំនួយចុះពីលើរថយន្តនោះឡើយ ដោយក្រុមអាជ្ញាធរអ៊ីស្រាអែល ក្នុងនោះរួមទាំងរថយន្តដឹកគ្រឿងវេជ្ជសាស្រ្ត សំពត់តង់ និងសម្ភារៈកសាងតំបន់ឡើងវិញ ។
ថ្លែងនៅក្រៅទ្វារច្រកឆ្លងកាត់ព្រំដែនRafahស្ថិតក្នុងប្រទេសអេហ្ស៊ីប លោក Megawer និយាយថា លំហូរជំនួយពុំបានរងផលប៉ះពាល់នោះទេ ។
មន្រ្តីមួយរូបដែលដឹងច្បាស់ពីកិច្ចចរចាបទឈប់បាញ់ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា អ៊ីស្រាអែលបានច្រានចោលសំណើរបស់អង្គការសហប្រជាជាតិ កាតា និងប្រទេសផ្សេងទៀត អនុញ្ញាតឲ្យផ្ទះចល័តនាំចូលក្នុងតំបន់ហ្កាហ្សា ជាការផ្តល់ជាជម្រកបណ្តោះអាសន្នដល់ជនប៉ាឡេស្ទីនជម្លៀសខ្លួន ដូចដែលបានតម្រូវនៅក្រោមកិច្ចព្រមព្រៀងបទឈបបាញ់ ។
ក្រុមមន្រ្តីហាម៉ាស់និយាយថា អ៊ីស្រាអែល បានរារាំងការបញ្ជូនផ្ទះចល័តចំនួន ៦ម៉ឺន និងសំពត់តង់ចំនួន ២០ម៉ឺន ក៏ដូចជាគ្រឿងចក្រធន់ធ្ងន់ ដើម្បីបោសសម្អាតគំនរបាក់បែក ក៏ដូចជាប្រេងទៅកាន់តំបន់ហ្កាហ្សា ៕