វិមានក្រឹមឡាំងបាននិយាយថា លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និងលោកប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធសប្ដាហ៍នេះ បានពិភាក្សាគ្នាអំពីការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដោយយល់ព្រមមានជំនួបនៅពេលខាងមុខ ហើយលោក Putin បានអញ្ជើញលោក Trump ទៅកាន់ទីក្រុងមូស្គូ។

លោក Putin បាននិយាយចុងក្រោយជាមួយប្រធានាធិបតីអាមេរិកក្នុងតំណែង កាលពីខែកុម្ភៈឆ្នាំ ២០២២កន្លងទៅ នៅពេលដែលរូបលោកបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Joe Biden ភ្លាមៗមុនពេលបញ្ជាកងទ័ពរាប់ពាន់នាក់ចូលធ្វើសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS បានរាយការណ៍ថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោក Putin និងលោក Trump បានពិភាក្សាអំពីបញ្ហាមជ្ឈិមបូព៌ា ទំនាក់ទំនងទ្វេភាគី សង្គ្រាមអ៊ុយក្រែន និងការដោះដូរអ្នកទោសរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ។

លោក Peskov បាននិយាយថា លោកប្រធានាធិបតីរុស្ស៊ី បានអញ្ជើញប្រធានាធិបតីសហរដ្ឋអាមេរិកមកទស្សនកិច្ចនៅទីក្រុងមូស្គូ ហើយបានបង្ហាញពីការត្រៀមខ្លួនរបស់លោកក្នុងការទទួលក្រុមមន្រ្តីអាមេរិកនៅក្នុងប្រទេសរុស្ស៊ី ក្នុងវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក រួមទាំងប្រធានបទនៃទឹកដីនៅរបស់អ៊ុយក្រែនផងដែរ ។
មេដឹកនាំរុស្ស៊ី និងអាមេរិក ក៏យល់ព្រមបន្តទំនាក់ទំនងផ្ទាល់ខ្លួន រួមទាំងការរៀបចំកិច្ចប្រជុំទល់មុខគ្នាផងដែរ៕