មន្ត្រីជាន់ខ្ពស់អារ៉ាប់បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា ផែនការរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងការកាន់កាប់តំបន់ហ្កហ្សា និងតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋប៉ាឡេស្ទីន ដែលបានទាក់ទាញការថ្កោលទោសជាសកល នឹងគំរាមកំហែងដល់បទឈប់បាញ់ដ៏ផុយស្រួយនៅក្នុងបរិបទ និងដុតបញ្ឆេះអស្ថិរភាពក្នុងតំបន់មជ្ឈិមបូព៌ា។

បណ្ដាប្រទេសអារ៉ាប់ បានបង្កើនការរុញច្រានយ៉ាងខ្លាំងប្រឆាំងផែនការរបស់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងការផ្លាស់ប្តូរប្រជាជនប៉ាឡេស្ទីនពីដែនដីហ្កាហ្សាទៅកាន់ប្រទេសអេហ្ស៊ីប និងហ្ស៊កដានី និងបង្ហាញជំហរដ៏កម្ររួមគ្នាប្រឆាំងទង្វើរបស់លោកTrump ។

អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul Gheit បានព្រមាននៅកិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោកក្នុងទីក្រុងឌូបៃថា ប្រសិនបើលោក Trump បន្តផែនការនេះ នោះលោកនឹងទាញតំបន់មជ្ឈិមបូព៌ាធ្លាក់ចូលទៅក្នុងវដ្តនៃវិបត្តិថ្មី បំផ្លិចបំផ្លាញដល់សន្តិភាព និងស្ថិរភាព។

លោក Trump បានធ្វើឱ្យពិភពលោកអារ៉ាប់ខឹងសម្បា ដោយប្រកាសពីគំនិតមិននឹកស្មានដល់ថា សហរដ្ឋអាមេរិកនឹងកាន់កាប់តំបន់ហ្កាហ្សា ផ្លាស់ប្ដូរការតាំងទីលំនៅថ្មីរបស់ប្រជាជនប៉ាឡេស្ទីនជាង ២លាននាក់ ហើយអភិវឌ្ឍទៅជាតំបន់លំនៅឋានលំហែរកាយឆ្នេរសមុទ្រប្រណីតរបស់តំបន់មជ្ឈិមបូព៌ា ។ លោក Aboul Gheit បាននិយាយថា ទង្វើរបស់មេដឹកនាំអាមេរិករូបនេះ មិនអាចទទួលយកបានឡើយសម្រាប់ពិភពអារ៉ាប់។
ពលរដ្ឋប៉ាឡេស្ទីនព្រួយបារម្ភពីការកើតឡើងវិញ នៃទិវា "Nakba" ឬគ្រោះមហន្តរាយ នៅពេលពលរដ្ឋប៉ាឡេស្ទីនជិត៨០០.០០០នាក់ បានភៀសខ្លួន ឬត្រូវបានបណ្តេញចេញក្នុងអំឡុងសង្រ្គាមដែលបានចាប់ផ្តើមនៅពេលបណ្ដារដ្ឋអារ៉ាប់បានលុកលុយរដ្ឋអ៊ីស្រាអែលក្នុងឆ្នាំ១៩៤៨ ។ មនុស្សជាច្រើនបានភៀសខ្លួនទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប៕