ក្រុមនគរបាល និយាយថា រថយន្តមួយគ្រឿង បានបើកបុកហ្វូងមនុស្ស បណ្តាលឲ្យមនុស្សជាច្រើននាក់ រងរបួសនៅក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ។
ពួកគេបន្តថា ប្រតិបត្តិការបានធ្វើឡើងនៅតំបន់ Dachauer Strasse ហើយអ្នកបើកបររថយន្ត ត្រូវបានឃាត់ខ្លួននៅកន្លែងកើតហេតុ និងលែងបង្កជាគ្រោះថ្នាក់ទៀតហើយ ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ រាយការណ៍ថា ប្រតិបត្តិការបានធ្វើឡើងនៅជិតស្ថានីយ៍រថភ្លើងស្ថិតនៅភាគកណ្តាលទីក្រុង Munich ។
កាសែត Bild របស់អាល្លឺម៉ង់ដែលលើកប្រភពក្រុមមន្រ្តី បានរាយការណ៍ថា មនុស្ស ១៥នាក់ បានរងរបួស ។
យោងតាមសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ឧបទ្ទេវហេតុនេះ បានកើតឡើងនៅកន្លែងដង្ហែរក្បួនពាក់ព័ន្ធនឹងក្រុមសហជីពដឹកជញ្ជូន Verdi ។
អ្នកនាំពាក្យនគរបាល និយាយប្រាប់ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក BR ថា ក្រុមមន្រ្តីកំពុងពិនិត្យមើលថាតើ មាននូវការទាក់ទងគ្នាដែរឬយ៉ាងណារវាងបាតុកម្ម និងឧបទ្ទេវហេតុនេះ ។
ហេតុការណ៍នេះដែរ បានកើតឡើងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលក្រុមមេដឹកនាំពិភពលោករួមទាំងប្រធានាធិបតីអ៊ុយក្រែនលោក Zelensky និងអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក JD Vance ធ្វើដំណើរមកដល់ទីក្រុង Munich សម្រាប់កិច្ចប្រជុំសន្តិសុខក្រុង Munich ដែលនឹងកើតឡើងនៅថ្ងៃសុក្រស្អែក ៕