ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ បានះអាងថា ក្រោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣រួចមក គឺមានការប្រតិកម្មខ្លាំងជាងដូសមុនៗ ពោលគឺក្តៅខ្លួន និងឈឺក្បាលជាដើម។
ស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ បានប្រាប់BTVឲ្យដឹងថា ក្រោយចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដូសទី៣រួចរាល់ហើយ គឺមានសុវត្ថិភាព កាន់តែខ្ពស់ ដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី។
ពួកគេ បានបន្តថា ចាក់វ៉ាក់ សាំងដូសទី៣ គឺមានការប្រតិកម្មខ្លាំងជាងដូសមុនៗ ពោលគឺក្តៅខ្លួន និងឈឺក្បាលមួយថ្ងៃពីរថ្ងៃ ទើបបាត់អាការៈទាំងអស់នេះ។
ជាមួយគ្នានេះ ពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងកូវីដដូសទី៣ នៅមណ្ឌលសុខាភាពជ្រោយចង្វា បានលើកឡើងដែរថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ពិតជារឿងសំខាន់ ក្នុងពេលដែលប្រទេសកម្ពុជា បានបើកឡើងវិញតាមបែបគន្លងថ្មី ព្រោះថាពេលចូលក្នុងទីតាំងផ្សេងៗ ត្រូវបង្ហាញកាតចាក់វ៉ាក់សាំង ហើយជាពិសេសការពារពីជំងឺកូវីដ-១៩។ ក្រៅពីនេះ ពួកគេបានអគុណចំពោះរាជរដ្ឋាភិបាល ដែលបានស្វះស្វែងរក វ៉ាក់សាំងមកចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចេញផ្សាយនៅពេលថ្មីៗនេះ បាន បង្ហាញថា ដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋសេសសល់ រាប់ទាំងដូសទី១ រហូតដល់ដូសទី៣ នៅតែបន្តដំណើរក្នុងទីតាំងសុខាភិបាលសាធារណៈ បើទោះបីយុទ្ធនាការត្រូវបានបិទបញ្ចប់ហើយក្តី។ ក្រៅពីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវដល់ប្រជាពលរដ្ឋ សូមទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។
នៅកម្ពុជា ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាមធ្យោបាយមួយ ក្នុងចំណោមវិធានការសុខាភិបាលចាំ បាច់ដទៃទៀត ដែលនឹងបង្ការការរាតត្បាត ការចម្លងជំងឺកូវីដ-១៩ និងកាត់បន្ថយផលប៉ះពាល់ នៃជំងឺ កូវីដ-១៩ ទៅលើវិស័យសេដ្ឋកិច្ច និងសង្គម។
បច្ចុប្បន្នកម្ពុជាទទួលបានជោគជ័យលើនយោបាយចាក់វ៉ាក់ សាំងជូនពលរដ្ឋបានជាច្រើនលាននាក់ ហើយបានបើកប្រទេសឡើងវិញ តាមបែបគន្លងថ្មីផងដែរ៕
អត្ថបទ៖ ទូច សោភ័ណ