ក្រុមហាម៉ាសបាននិយាយថា ខ្លួនប្តេជ្ញាអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សាជាមួយអ៊ីស្រាអែល ហើយនឹងបន្តដោះលែងចំណាប់ខ្មាំងតាមការគ្រោងទុក ដោយបង្កើនក្តីសង្ឃឹមថា ការបន្តសង្គ្រាមអាចនឹងត្រូវបានបញ្ចៀសបាន។

បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងគែរប្រទេសអេហ្ស៊ីប ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនបាននិយាយថា ក្រុមអ្នកសម្របសម្រួលមកពីប្រទេសអេហ្ស៊ីប និងកាតា បានបញ្ជាក់ថាពួកគេនឹងជម្រះចោលរាល់ឧបសគ្គទាំងឡាយ។ របាយការណ៍របស់អេហ្ស៊ីប និងកាតា ក៏បាននិយាយផងដែរថា ភាពចន្លោះប្រហោងត្រូវបានបំពេញ។

អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែលពុំបានធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេ ប៉ុន្តែបានបញ្ជាក់ថា បើក្រុមហាម៉ាសមិនដោះលែងចំណាប់ខ្មាំងបីនាក់នៅថ្ងៃសៅរ៍ទេនោះ បទឈប់បាញ់នឹងបញ្ចប់។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានព្រមាននិងដាក់ចេញឱសានវាទស្រដៀងគ្នាកាលពីថ្ងៃអង្គារបន្ទាប់ពីក្រុមហាម៉ាស បាននិយាយថាខ្លួនកំពុងពន្យារពេលការដោះលែងចំណាប់ខ្មាំង ជុំវិញអ្វីដែលខ្លួនបានអះអាងថាអ៊ីស្រាអែលបានបំពានបទឈប់បាញ់។

ក្រុមហាម៉ាស បាននិយាយថា ការបំពានទាំងនោះ រួមបញ្ចូលការខកខានក្នុងការអនុញ្ញាតការបង្កើនបរិមាណជំនួយមនុស្សធម៌សំខាន់ៗដែលបានព្រមព្រៀងគ្នា រួមទាំងតង់ និងទីជម្រក ដែលអ៊ីស្រាអែលបានបដិសេធ។
ការគំរាមបង្អាក់កិច្ចព្រមព្រៀងរបស់ក្រុមនេះ បានជំរុញឱ្យប្រធានាធិបតីអាមេរិក Donald Trump ស្នើឱ្យអ៊ីស្រាអែលលុបចោលកិច្ចព្រមព្រៀងទាំងស្រុង ហើយកម្ទេចក្រុមនេះ លុះត្រាតែ ចំណាប់ខ្មាំងទាំងអស់ ត្រូវបានប្រគល់មកវិញនៅថ្ងៃសៅរ៍សប្ដាហ៍នេះ៕