ភ្នំពេញ ៖ កម្ពុជាដែលមានក្រសួងសង្គមកិច្ចជាសេនាធិការ បាននឹងកំពុងរៀបចំផែនការយុទ្ធសាស្រ្តស្ដីពីកម្លាំងសេវាសង្គម ២០២២-២០៣១។ ការរៀបចំផែនការយុទ្ធសាស្រ្តនេះ គឺបានឈានដល់កិច្ចប្រជុំលើសេចក្ដីព្រាងទី៣ កម្រិតជាតិ ដែលក្រសួងស្ថាប័ន ពាក់ព័ន្ធនិងវត្តមានដៃគូអភិវឌ្ឍន៍ចូលរួមផងដែរ។
ក្រសួងសង្គមកិច្ចនាថ្ងៃនេះ បានរៀបចំកិច្ចប្រជុំសេចក្ដីព្រាងទី ៣ លើផែនការយុទ្ធសាស្រ្តជាតិស្ដីពីកម្លាំងសេវាសង្គម ២០២២-២០៣១ ដោយមានក្រសួងស្ថាប័នពាក់ព័ន្ធ និងវត្តមានរបស់ដៃគូអភិវឌ្ឍន៍ផងដែរ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានមានប្រសាសន៍ថា កម្លាំងសេវាសង្គមដើរតួសំខាន់ក្នុងការគាំទ្រ លើកកម្ពស់សុខុមាលភាពរបស់ កុមារ គ្រួសារ និងក្រុមជនរងគ្រោះ ងាយរងគ្រោះ ដោយកាត់បន្ថយនូវភាពក្រីក្រ និងគ្រប់គ្រងហានិភ័យ ផ្ដល់សេវាការពារនិងភ្ជាប់ទំនាក់ទំនង ឱ្យទទួលបានសេវាសុខុមាលភាពដែលជាតម្រូវការគ្រប់កាលទេសៈ។
ឯកឧត្តមរដ្ឋមន្រ្តី បន្តថា កម្ពុជាត្រូវការកម្លាំងសេវាសង្គម ក្នុងការចូលរួមចំណែកផ្លាស់ប្ដូរសង្គម និងការកសាងសហគមន៍ប្រកបដោយផាសុខភាព ដែលប្រជាជនត្រូវការការគាំទ្រគ្រប់ប្រភេទ ផ្លូវចិត្ត សម្ភារៈ ការអប់រំ សង្គមនយោបាយ និងសេដ្ឋកិច្ច។
ពាក់ព័ន្ធនឹងកម្លាំងសេវាសង្គមនេះ ឯកឧត្តម សំហេង បុរសរដ្ឋលេខាធិការក្រសួងសង្គមកិច្ចបញ្ជាក់ថា តួអង្គជា កម្លាំងសេវាសង្គមមានចំនួន ៤ប្រភេទ រួមមាន អ្នកអាជីពសង្គមកិច្ច អ្នកអាជីពសង្គមកិច្ចររង អ្នកសង្គមកិច្ចបឋម និងអ្នកសង្គមកិច្ចសម័្ពន្ធ។
ឯកឧត្តម បន្តថា បច្ចុប្បន្នក្រសួងកំពុងព្យាយាមបណ្ដុះបណ្ដាលតួអង្គទាំង ៤ នេះ ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ស្របពេលដែលកម្ពុជាកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។
យ៉ាងណាម៉ិញគិតត្រឹមពេលនេះ អ្នកអាជីបសង្គមកិច្ចនៅកម្ពុជា គឺមានចំនួនតិចតួចត្រឹមជិត ២០នាក់ប៉ុណ្ណោះ ចំណែកឯអ្នកទទួលបានការបណ្ដុះបណ្ដាលត្រឹមរយៈពេល ៣ខែ គឺមានច្រើន។ នេះជាការបញ្ជាក់បន្ថែម របស់ឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច។
សព្វថ្ងៃទាក់ទងនឹងកម្មវិធីអប់រំការងារសង្គម ដែលផ្ដល់សញ្ញាបត្រជាផ្លូវការនៅប្រទេសកម្ពុជា មានកម្មវិធីចំនួន ៤ ដោយបរិញ្ញាបត្រចំនួន ៣ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១៕
អត្ថបទ៖ គឹមហុក