ខណៈពេលដែលប្រធានាធិបតីអាមេរិក លោក Donald Trump ត្រៀមចេញនូវសេចក្តីប្រកាសផ្លូវការមួយផ្សេងទៀត ទាក់ទងនឹងការដំឡើងពន្ធលើទំនិញនាំចូល កាលពីថ្ងៃព្រហស្បតិ៍ (ទី១៣ ខែកុម្ភៈ) ការព្រួយបារម្ភ កំពុងមានកាន់តែខ្លាំងឡើងៗ ទាំងក្នុងចំណោមវិស័យអាជីវកម្ម និងអ្នកប្រើប្រាស់។
ចាប់តាំងពីចូលកាន់តំណែង នៅការិយាល័យ Oval Office លោក Trump បានដាក់ចេញនូវការដំឡើងពន្ធលើដៃគូពាណិជ្ជកម្មសំខាន់ៗរបស់សហរដ្ឋអាមេរិក គឺកាណាដា ម៉ិកស៊ិក និងចិន បើទោះជាបន្ទាប់មកបានពន្យារពេលខ្លះក៏ដោយ។ លោកបានគំរាមដំឡើងពន្ធលើកូឡុំប៊ី ដែលក្រោយមកបានដកចេញវិញយ៉ាងឆាប់រហ័ស។ ជាការឆ្លើតតប ប្រទេសនីមួយៗ បានគំរាម ឬបានត្រៀមរួចជាស្រេចដាក់ចេញនូវការដំឡើងពន្ធផ្ទាល់ខ្លួនលើទំនិញរបស់អាមេរិក។

ហើយឥឡូវនេះ លោក Trump បានសន្យាថា នឹងដំឡើងពន្ធ «ទៅមក» លើដៃគូពាណិជ្ជកម្មទាំងអស់ដែលអនុវត្តពន្ធលើការនាំចេញរបស់សហរដ្ឋអាមេរិក ក្នុងនោះរួមទាំងសហភាពអឺរ៉ុប (EU) ផងដែរ ដែលគេរំពឹងថា លោកនឹងប្រកាសនៅថ្ងៃព្រហស្បតិ៍។
បណ្ដាអ្នកជំនាញផ្នែកសេដ្ឋកិច្ច លើកឡើងជាយូរមកហើយថា ការដំឡើងពន្ធគយធ្វើឲ្យប្រជាជនអាមេរិកប្រឈមជាមួយនឹងការឡើងថ្លៃទំនិញ ដោយជំរុញឲ្យមានអតិផរណា ស្របពេលដែលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចផងដែរ។ ហើយឥឡូវនេះ ទស្សនៈនោះ អាចនឹងជា្របចូលទៅក្នុងសតិអារម្មណ៍របស់ជនជាតិអាមេរិកសាមញ្ញជាបណ្ដើរៗហើយ។
បើទោះបីវិស័យអាជីវកម្ម បានស្វាគមន៍ការវិលត្រលប់របស់លោក Trump ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ប្រកបដោយភាពរីករាយ ក៏សុទិដ្ឋិនិយមមួយចំនួន ឥឡូវនេះ ចាប់ផ្ដើមរសាយបាត់ទៅបន្តិចម្ដងៗ ខណៈដែលអតិផរណាបានបន្តកើនឡើង៕

