ប្រធានាធិបតីស្តីទីរបស់កូរ៉េខាងត្បូង នៅថ្ងៃសុក្រ (ទី១៤ ខែកុម្ភៈ) នេះ បានលើកឡើងថា ប្រទេសរបស់លោកនឹងពិនិត្យយ៉ាងហ្មត់ចត់នូវរបាំងមិនមែនពន្ធ និងភាពងាយរងគ្រោះផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងផែនការរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ចេញការដំឡើងពន្ធបដិការ (ការដំឡើងពន្ធតបតវិញ)។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិ កលោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (ទី១៣ ខែកុម្ភៈ) បានប្រគល់ភារកិច្ចឲ្យក្រុមសេដ្ឋកិច្ចរបស់លោករៀបចំផែនការ សម្រាប់ការដំឡើងពន្ធបដិការ លើគ្រប់ប្រទេសដែលយកពន្ធលើការនាំចូលរបស់សហរដ្ឋអាមេរិក ដោយបណ្ដាប្រទេសជាគោលដៅ រួមមានកូរ៉េខាងត្បូង ចិន ជប៉ុន និងសហភាពអឺរ៉ុប (EU)។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Choi Sang-mok ដែលកំពុងកាន់តំណែងជាប្រធានាធិបតីស្តីទី បាននិយាយថា៖ «ផលប៉ះពាល់ពីវិធានការដំឡើងពន្ធបដិការនេះ ប្រហែលជាមិនប៉ះពាល់ធ្ងន់ធ្ងរ ចំពោះសេដ្ឋកិច្ចរបស់យើងទេ ព្រោះអត្រាពន្ធមានកម្រិតទាប ដោយសារមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកូរ៉េ-អាមេរិក»។
លោកបានសង្កត់ធ្ងន់ថា៖ «តែទោះជាយ៉ាងណានេះក្ដី ដោយសារសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនក៏នឹងវាយតម្លៃរបាំងមិនមែនពន្ធ ក្នុងនោះរួមទាំងពន្ធលើតម្លៃបន្ថែម និងពន្ធលើសេវាកម្មឌីជីថលផងដែរ វាគឺជារឿងចាំបាច់ ដែលយើងត្រូវត្រួតពិនិត្យស្ថានភាពនេះ»។
គួរដឹងដែរថា ក្នុងចំណោមដៃគូពាណិជ្ជកម្មធំៗទាំង ១៥ របស់សហរដ្ឋអាមេរិក អត្រាពន្ធរបស់កូរ៉េខាងត្បូង គឺខ្ពស់ជាងគេទី២ បន្ទាប់ពីប្រទេសឥណ្ឌា ប៉ុន្តែស្ទើរតែទាំងអស់ត្រូវបានលុបចោល ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលត្រូវបានចុះហត្ថលេខាជាលើកដំបូង ក្នុងឆ្នាំ២០០៧ និងបានកែសម្រួល នៅឆ្នាំ២០១៨ អំឡុងអាណត្តិដំបូងរបស់លោក Trump៕