នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅថ្ងៃសុក្រ (ទី១៤ ខែកុម្ភៈ) នេះថា ចក្រភពអង់គ្លស នៅតែប្ដេជ្ញាចិត្តគាំទ្រ ចំពោះទីក្រុងគីវ ក្នុងដំណើរផ្លូវមិនអាចផ្លាស់ប្ដូរបានឆ្ពោះទៅកាន់សមាជិកភាពអង្គការណាតូ (NATO) ដោយការបញ្ជាក់អះអាងនេះ បានកើតមានបន្ទាប់ពីសហរដ្ឋអាមេរិក បានធ្វើបញ្ចេញមតិផ្ទុយគ្នា អំពីអនាគតរបស់អ៊ុយក្រែន។
លោក Zelenskiy និងបណ្ដាមេដឹកនាំអ៊ឺរ៉ុប ត្រូវបានធ្វើឲ្យស្រឡាំងកាំង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយដោយផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin ហើយបានប្រកាសពីការចាប់ផ្តើមការចរចា ដើម្បីបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន។
ចំណាត់ការនេះបានជំរុញឲ្យមានក្ដីបារម្ភ ក្នុងចំណោមរដ្ឋាភិបាលអ៊ឺរ៉ុប ដែលថា ពួកគេអាចត្រូវបានកាត់ចេញពីកិច្ចព្រមព្រៀង ដែលអាចបញ្ចប់ត្រឹមការផ្ដល់ភាពចំណេញដល់រុស្ស៊ីពេក និងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខផ្ទាល់ខ្លួនរបស់ប្រទេសនីមួយៗ។
សេចក្ដីប្រកាសព័ត៌មាន អំពីការជជែកតាមទូរសព្ទជាមួយលោក Zelenskiy ដែលចេញដោយការិយាល័យរបស់លោក Starmer បានបង្ហាញថា៖ «នាយករដ្ឋមន្ត្រីបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេស ចំពោះអ៊ុយក្រែន ដែលកំពុងស្ថិតនៅលើផ្លូវមិនអាចផ្លាស់ប្ដូរបាន ឆ្ពោះទៅកាន់សមាជិកភាពអង្គការណាតូ ដូចដែលបានព្រមព្រៀងដោយសម្ព័ន្ធមិត្ត នៅឯកិច្ចប្រជុំកំពូលទីក្រុងវ៉ាស៊ីនតោនកាលពីឆ្នាំមុន»។
ជាមួយគ្នានេះ លោក Starmer បានបញ្ជាក់ពីជំហររបស់លោកថា មិនអាចមានការពិភាក្សា «អំពីអ៊ុយក្រែន ដោយមិនមានអ៊ុយក្រែននោះឡើយ» ហើយបាននិយាយថា ប្រទេសនេះត្រូវការការធានាសន្តិសុខដ៏រឹងមាំ ជំនួយយោធាបន្ថែមទៀត និងអនាគតនៃអធិបតេយ្យភាព៕