សមាគមជាតិនិងអន្តរជាតិ មើលឃើញពីបរិយាកាសវិនិយោគនៅកម្ពុជា នឹងមាននិន្នាការកើនឡើងជាបន្តបន្ទាប់ ក្រោមការខិតខំ ប្រឹងប្រែង និងការកែទម្រង់ដ៏មុតស្រួចនានារបស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញអ្នកវិនិយោគ និងជាប្រទេសមានសេដ្ឋកិច្ចបើកចំហរ បានផ្តល់ភាពអំណោយផលដល់បរិយាកាសវិនិយោគ។

លោក សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីអំពីរំហូរវិនិយោគនៅ កម្ពុជានេះថា សន្តិភាពបានផ្តល់នូវការអភិវឌ្ឍន៍គ្រប់យ៉ាង និងបានបង្កើនទំនុកចចិត្តយ៉ាងខ្លាំងលើបរិយាកាសវិនិយោគនៅកម្ពុជា ជាក់ ស្តែងនៅពេលមានវិបត្តិដែលប៉ះពាល់ជាអវិជ្ជមាន កម្ពុជាបានត្រៀមខ្លួន និងប្រែក្លាយបញ្ហាប្រឈមនានា ទៅជាកាលានុវត្តភាព ផ្តល់ ភាពអំណោយផល លើការលើកកម្ពស់ប្រសិទ្ធភាព និងភាពប្រកួតប្រជែងសេដ្ឋកិច្ច ដើម្បីទាក់ទាញវិនិយោគិន និងធុរកិច្ចបន្ថែម ជាពិសេសការហូរចូលមកពីតំបន់ជម្លោះពាណិជ្ជកម្ម បានធ្វើឱ្យរំហូរវិនិយោគនៅកម្ពុជាមានកំណើនជាបន្តបន្ទាប់។

ចំណែកលោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃប្រចាំនៅកម្ពុជា ក៏មានក្តីរំពឹងខ្ពស់ ចំពោះការហូរចូល វិនិយោគិនពីបរទេសមកកម្ពុជាផងដែរ ជាក់ស្តែងនៅដើមឆ្នាំ២០២៥ នេះ ធុរជន និងវិនិយោគិនថៃ បានហូរចូលមកកម្ពុជាជាច្រើន ដើម្បីមកសិក្សាលទ្ធភាពអំពីការធ្វើពាណិជ្ជកម្ម និងការវិនិយោគផ្សេងៗ ខណៈដែលក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មនៅកម្ពុជាមួយ ចំនួន ក៏មានផែនការពង្រីកអាជីវកម្មបន្ថែមផងដែរ ដែលទាំងនេះសុទ្ធតែជាការចូលរួមចំណែកគាំទ្រសកម្មភាពវិនិយោគ។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងថា ជុំវិញឱកាសវិនិយោគ នេះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីទាក់ទាញអ្នកវិនិយោគដូចជា ដើរគោះទ្វារនៅតាមបណ្តាប្រទេសមួយ ចំនួន ការទាក់ម៉ូយ និងការកែទម្រង់ដ៏មុតស្រួចនានារបស់រាជរដ្ឋាភិបាលជាដើម គឺមានគោលបំណងរកការងារថ្មីៗជូនប្រជាពលរដ្ឋ ជាពិសេសការឈានទៅសម្រេចបានតាមចក្ខុវិស័យរបស់កម្ពុជានៅឆ្នាំ២០៥០។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ កន្លងមកនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបមានចំនួន ៤១៤ គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧ គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧ គម្រោង មានទុនវិនិយោគសរុប ប្រមាណ៦,៩ ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណជិត៣២ ម៉ឺនកន្លែង។ ចំណែកនៅក្នុងខែមករា ឆ្នាំ២០២៥ នេះ CDC បានអនុម័តគម្រោងវិនិយោគក្នុងសរុបចំនួន ៦៨ គម្រោង មានទុនវិនិយោគប្រមាណ ៧៤៨ លានដុល្លារអាមេរិក ក្នុងនោះ គម្រោងវិនិយោគថ្មីមានចំនួន ៦៤ គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៤ គម្រោង៕ អត្ថបទ៖ សុន រ៉ាឌី
