ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ថា លោកអាចជួបជាមួយ លោក វ្ល៉ាឌីមៀ ពូទីន ក្នុងពេលឆាប់ៗនេះ ហើយលោកជឿថា សមភាគីរុស្ស៊ី ពិតជាចង់បញ្ឈប់ការប្រយុទ្ធគ្នានៅអ៊ុយក្រែន។ លោក Trump បានប្រាប់អ្នកសារព័ត៌មាន ប៉ុន្មានម៉ោងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេស លោក Marco Rubio បានព្យាយាមនិយាយសម្រាលពីការរំពឹងទុកនៃកិច្ចពិភាក្សាកម្រិតខ្ពស់នាពេលខាងមុខនៅទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ស្តីពីការបញ្ចប់សង្គ្រាមថា «កាលបរិច្ឆេទនៅពុំទាន់បានកំណត់នៅឡើយ ប៉ុន្តែវាអាចនឹងក្នុងពេលឆាប់នេះ» ។
ដោយលោក Rubio កំណត់ពេលដឹកនាំគណៈប្រតិភូជាន់ខ្ពស់អាមេរិកសម្រាប់ការពិភាក្សាជាមួយមន្ត្រីរុស្ស៊ី ក្នុងរដ្ឋធានីរបស់ប្រទេសអារ៉ាប៊ីសាអូឌីតនៅប៉ុន្មានថ្ងៃខាងមុខនេះ ភាពច្របូកច្របល់ផ្នែកការទូតកំពុងកើតឡើង ខណៈសង្រ្គាមអ៊ុយក្រែនដ៏ដ៏បង្ហូរឈាម ជិតដល់ខួបបីឆ្នាំរបស់ខ្លួន។
លោក Trump បាននិយាយអំពីលោកពូទីនថា «ខ្ញុំគិតថា លោកពូទីន ចង់បញ្ឈប់ការប្រយុទ្ធ»។
នៅពេលត្រូវបានសួរ ថាតើលោកជឿថា លោកពូទីន ចង់ដណ្តើមយកទឹកដីអ៊ុយក្រែនទាំងមូលឬយ៉ាងណា លោក Trump បាននិយាយថា «នោះ ជាសំណួររបស់ខ្ញុំដែលត្រូវសួរទៅលោកពូទីន»។ ប្រសិនបើគាត់ នឹងបន្ត នោះនឹងធ្វើឱ្យខ្ញុំមានបញ្ហាធំ។
លោកTrump និយាយថា លោក Zelenskyy ក៏ចង់បញ្ចប់សង្គ្រាមដែរ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអាទិត្យថា លោកជឿជាក់ថា រុស្ស៊ីកំពុងរៀបចំ «ធ្វើសង្រ្គាម» ប្រឆាំងនឹងសម្ព័ន្ធយោធាណាតូ ប្រសិនបើលោក Trump បន្ថយការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់សម្ព័ន្ធមិត្តនេះ។