ប្រជាជនប៉ាឡេស្ទីន នៅទីក្រុង Rafah បានថ្កោលទោសការផ្គត់ផ្គង់សព្វាវុធរបស់សហរដ្ឋអាមេរិក ដែលត្រូវបានបញ្ជូនទៅឲ្យអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ។
អ្នកស្រុកនៅទីក្រុង Rafah បាននិយាយថា សហរដ្ឋាអាមេរិក តែងតែគាំទ្រអ៊ីស្រាអែល និងគាំទ្រប្រទេសប្រឆាំងប្រជាជនប៉ាឡេស្ទីន។ អ្នកស្រុក Rafah និយាយថា «អាមេរិក គឺជាសត្រូវដ៏ធំសម្រាប់ប្រជាជនប៉ាឡេស្ទីន តាមរយៈបទពិសោធន៍របស់យើងក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ អាមេរិក គឺជារដ្ឋតែមួយគត់ដែលប្រើសិទ្ធិវ៉េតូប្រឆាំងនឹងផលប្រយោជន៍របស់ប្រជាជនប៉ាឡេស្ទីន ប្រឆាំងកិច្ចព្រមព្រៀងសន្តិភាព និងប្រឆាំងបទឈប់បាញ់»។
ក្រសួងការពារជាតិ បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែល បានទទួលការដឹកជញ្ជូនគ្រាប់បែកធុនធ្ងន់ MK-84 ពីសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតីលោក Donald Trump បានដកការរារាំង ដែលបានដាក់លើការនាំចេញសព្វាវុធដោយរដ្ឋបាលរបស់អ្នកកាន់តំណែងមុន លោក Joe Biden ។
រដ្ឋបាលលោក Biden បានបញ្ជូនគ្រាប់បែករាប់ពាន់គ្រាប់ទម្ងន់២.០០០ផោន ទៅកាន់ប្រទេសអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ពីតំបន់ហ្កាហ្សា។