មនុស្សយ៉ាងហោចណាស់ ៩ នាក់បានស្លាប់ បន្ទាប់ពីអាកាសធាតុរដូវរងាដ៏ធ្ងន់ធ្ងរវាយប្រហារសហរដ្ឋអាមេរិក រួមទាំងមនុស្ស ៨ នាក់នៅក្នុងរដ្ឋ Kentucky ដោយសារភ្លៀងធ្លាក់ខ្លាំង។
អភិបាលរដ្ឋលោក Andy Beshear បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សរាប់រយនាក់ដែលជាប់គាំងដោយទឹកជំនន់ ត្រូវការជួយសង្គ្រោះបន្ទាន់។
លោក Beshear បាននិយាយថា ការស្លាប់ជាច្រើននាក់ រួមទាំងម្តាយ និងកូនអាយុប្រាំពីរឆ្នាំម្នាក់ បណ្តាលមកពីរថយន្តបានជាប់គាំងក្នុងជំនន់ទឹកភ្លៀង។
នៅរដ្ឋ Kentucky ម្តាយម្នាក់ និងកូនតូចម្នាក់ ត្រូវបានទឹកហូរកួចកាលពីយប់ថ្ងៃសៅរ៍នៅក្នុងសហគមន៍ Bonnieville ។
លោក Bob Oravec អ្នកព្យាករណ៍ជាន់ខ្ពស់នៃសេវាកម្មអាកាសធាតុជាតិបាននិយាយថាផ្នែកខ្លះនៃរដ្ឋ Kentucky និង Tennessee បានទទួលទឹកភ្លៀងរហូតដល់ ៦ អ៊ីញ ឬស្មើ១៥សង់ទីម៉ែត្រ ក្នុងអំឡុងពេលព្យុះចុងសប្តាហ៍។
លោក Oravec បាននិយាយកាលពីថ្ងៃអាទិត្យថា គ្រោះមហន្តរាយធម្មជាតិនេះ នឹងបន្តផលប៉ះពាល់ មួយរយៈទៀត ខណៈកម្ពស់ទឹកហក់ឡើងនិងទឹកជំនន់ជាច្រើនកំពុងបន្ត។
នៅទីក្រុង Atlanta រដ្ឋ ចចា (Georgia) មនុស្សម្នាក់បានស្លាប់ នៅពេលដើមឈើបាក់រលំលើផ្ទះមួយកាលពីថ្ងៃអាទិត្យ ។
ជាមួយគ្នានោះ គេរំពឹងថា នឹងមានព្រិលធ្លាក់ខ្លាំងនៅតាមផ្នែកជាច្រើននៃតំបន់ New England និងទីក្រុង New Yorkភាគខាងជើង៕