នគរបាលស្រុក Jufra របស់ប្រទេសលីប៊ី កាលពីថ្ងៃអាទិត្យ ប្រកាសថា បានចាប់ខ្លួនក្រុមរត់ពន្ធជនអន្តោប្រវេសន៍មួយក្រុមនៅទីក្រុង Zillah ប្រទេសលីប៊ីភាគកណ្តាល មានចម្ងាយប្រហែល៧៥០គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃរដ្ឋធានីទ្រីប៉ូលី។
នគបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អ្នកដែលត្រូវបានចាប់ខ្លួន ត្រូវបានចោទប្រកាន់ពីបទសម្លាប់ជនអន្តោប្រវេសន៍និងកប់សាកសពនៅវាលខ្សាច់ ធ្វើទារុណកម្មជនអន្តោប្រវេសន៍តាមរយៈការបង្អត់អាហារនិងការចាប់រំលោភ ការចាប់ជំរិតជនអន្តោប្រវេសន៍ដើម្បីទាមទារប្រាក់លោះរហូតដល់១០.០០០ដុល្លារអាមេរិកក្នុងម្នាក់ ព្រមទាំងការលក់និងទិញជនអន្តោប្រវេសន៍ផងដែរ។
ដោយសារតែអសន្តិសុខ និងភាពវឹកវរនៅក្នុងប្រទេសលីប៊ី ចាប់តាំងពីការដួលរលំនៃអតីតមេដឹកនាំ លោក Muammar Gaddafi ក្នុងឆ្នាំ២០១១ ជនអន្តោប្រវេសន៍ជាច្រើន ដែលភាគច្រើនជាជនជាតិអាហ្វ្រិក បានជ្រើសរើសការឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ទៅកាន់ទ្វីបអឺរ៉ុប ពីប្រទេសលីប៊ី។