ប្រតិភូក្រុមហ៊ុនចំនួន ១៨ មកពីទីក្រុងនីងប៉ ខេត្តចឺជាំង នៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញនូវការចំណាប់អារម្មណ៍ យ៉ាងខ្លាំង អំពីគម្រោងមកបណ្តាក់ទុន ក្រោមបរិយាសអំណោយផលលើការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី តាមរយៈអ្នកឧកញ៉ាបណ្ឌិត ពុង ខៀវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារ កាណាឌីយ៉ា ភីអិលស៊ី នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារ ជាមួយ គណៈប្រតិភូក្រុមហ៊ុនចិនចំនួន ១៨ មកពីទីក្រុងនីងប៉ ខេត្តចឺជាំង សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកស្រី លូ ចឺឈីង (Lu Zhiqiong) អគ្គនាយកធនាគារ នីងប៉ ដែលក្រុមហ៊ុនទាំងនោះមានកម្មវត្ថុអាជីវកម្មក្នុងវិស័យមួយចំនួនដូចជា៖ ការកែច្នៃកៅស៊ូ , ផលិតសម្ភារៈបរិក្ខារពេទ្យ, សម្ភារៈឆ្លាតវៃប្រើប្រាស់ក្នុងផ្ទះ, សម្លៀកបំពាក់ និងធនាគារជាដើម។
ឯកឧត្តមអគ្គលេខាធិការ បានមានមតិស្វាគមន៍ ចំពោះគណៈប្រតិភូដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកធ្វើទស្សន កិច្ចសិក្សាផ្ទាល់នៅកម្ពុជា ក្នុងនោះឯកឧត្តមក៏បានលើកទ្បើង ពីសក្តានុពលក្នុងវិស័យឧស្សាហកម្ម, កម្មន្តសាល, ការកែច្នៃផលិតផល, ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ជាពិសេសកម្ពុជាមានដំណាំយុទ្ធសាស្ត្រជាច្រើនរួមមាន ស្រូវ ដំទ្បូងមី និងស្វាយចន្ទីជាដើម ដែលទាមទារឱ្យមានការវិនិយោគ កែច្នៃក្នុងស្រុក ដើម្បីបង្កើតតម្លៃបន្ថែម។
ឯកឧត្តម ជា វុទ្ធី ក៏បានជំរុញឱ្យវិនិយោគិនធ្វើការគិតគូរ ក្នុងការបង្កើតខ្សែចង្វាក់ផលិតកម្មក្នុងវិស័យកសិកម្ម ជាពិសេសការ កែច្នៃស្វាយចន្ទី ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គលេខាធិការក៏បានជម្រាបជូនគណៈប្រតិភូ ពីស្ថានភាពវិនិយោគនៅកម្ពុជា ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ នឹងការវិនិយោគដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន ព្រមទាំងការលើកទឹកចិត្តនានា។
ជាការឆ្លើយតប, លោកស្រី លូ ចឺឈីង បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គលេខាធិការ ដែលបានឆ្លៀតពេលមមាញឹក ទទួលជួបគណៈប្រតិភូ និងបានជម្រាបជូនយ៉ាងក្បោះក្បាយពីបរិយាកាសវិនិយោគនៅកម្ពុជា។ លោកស្រីសង្ឃឹមថា តាមរយៈជំនួប លើកនេះ នឹងធ្វើឲ្យក្រុមហ៊ុនមានចំណាប់អារម្មណ៍កាន់តែខ្លាំងក្នុងការគិតគូរមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី







