ប៉ូឡូញ៖ កងកម្លាំងប៉ូឡូញបានប្រើប្រាស់ឧស្ម័នបង្ហៀរទឹកភ្នែក និងកាណុងបាញ់ទឹកទៅលើក្រុមជនអន្តោប្រវេសន៍ ដែលព្យាយាមឆ្លងចូលទៅក្នុងប្រទេសរបស់ខ្លួនពីប្រទេសបេឡារុស។ វីដេអូបង្ហាញពីក្រុមជនអន្តោប្រវេសន៍គប់ដុំថ្ម និងវត្ថុផ្សេងៗទៀតដាក់កងកម្លាំងប៉ូឡូញដែលយាមកាមនៅច្រកព្រំដែនដែលមានរបងរឹងមាំ។

អស់រយៈពេលជាច្រើនសប្តាហ៍មកនេះ ក្រុមជនអន្តោប្រវេសន៍រាប់ពាន់នាក់ដែលភាគច្រើនមកពីមជ្ឈិមបូព៌ា បានប្រមូលផ្តុំគ្នានៅព្រំដែនបេឡារុសប៉ុនប៉ងឆ្ពោះទៅឲ្យដល់ទឹកដីសហភាពអឺរ៉ុប។ ប្រទេសបេឡារុសត្រូវបានគេចោទប្រកាន់ថា បានរុញក្រុមជនអន្តោប្រវេសន៍ទៅព្រំដែន ដើម្បីព្យាយាមបង្កឲ្យមានអស្ថិរភាពនៅក្នុងសហភាពអឺរ៉ុប ជាការចោទប្រកាន់ដែលមេដឹកនាំប្រទេសនេះតែងទាត់ចោល។ ទំនាក់ទំនងសហភាពអឺរ៉ុប និងបេឡារុសមានភាពតានតឹងយ៉ាងខ្លាំងចាប់តាំងពីមេដឹកនាំលោក Alexander Lukashenko បានប្រកាសជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំមុន ហើយបានព្យាយាមបំបិទមាត់ការមិនពេញចិត្តដោយការបង្ក្រាបការតវ៉ាទ្រង់ទ្រាយធំ និងការចាប់ខ្លួនអ្នកប្រឆាំងនយោបាយ។
សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មលើបេឡារុសបន្ទាប់ពីការបោះឆ្នោត ហើយរួមជាមួយសហរដ្ឋអាមេរិកនឹងបង្កើនសម្ពាធទណ្ឌកម្ម បន្ទាប់ពីវិបត្តិព្រំដែន។ ក្រុមជនអន្តោប្រវេសន៍រួមទាំងកុមារបានរស់នៅក្នុងជំរំបណ្ដោះអាសន្ន ក្នុងស្ថានភាពត្រជាក់នៅក្នុងប្រទេសបេឡារុស។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅលើផ្លូវឆ្លងកាត់នៅតំបន់ Kuznica ភាគខាងត្បូងនៃទីក្រុង Grodno ភាគពាយព្យប្រទេសបេឡារុស។ ក្រុមជនអន្តោប្រវេសន៍ជាច្រើនកំពុងអង្គុយនៅពីក្រោយរបង ដែលហ៊ុមព័ទ្ធដោយបន្លាលួសនៅផ្នែកខាងក្នុងបេឡារុសជាប់ព្រំដែនជាមួយប៉ូឡូញ ខណៈការប្រឈមមុខដាក់គ្នាយ៉ាងតានតឹងរវាងទីក្រុងវ៉ាសូវី ទីក្រុងមីនស៍ និងសហភាពអឺរ៉ុបនៅតែបន្ត៕
អត្ថបទ៖ សុខមាន