ជនប៉ាឡេស្ទីននៅទីក្រុង Rafah បានថ្កោលទោសការផ្គត់ផ្គង់អាវុធរបស់សហរដ្ឋអាមេរិកដែលត្រូវបានបញ្ជូនទៅកាន់ប្រទេសអ៊ីស្រាអែលកាលពីព្រឹកថ្ងៃអាទិត្យ ។
ក្រុមអ្នកស្រុករស់នៅទីក្រុង Rafah និយាយថា អាមេរិកតែងតែគាំទ្រអ៊ីស្រាអែល និងគាំទ្រពួកគេឲ្យប្រឆាំងជនប៉ាឡេស្ទីន ។
លោក Mahmoud Youssef គឺជាជនប៉ាឡេស្ទីនមួយរូបរស់នៅក្នុងទីក្រុង Rafah និយាយថា អាមេរិកគឺជាសត្រូវដ៏សំខាន់របស់ជនប៉ាឡេស្ទីន តាមរយៈបទពិសោធន៍របស់ពួកយើងក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ។ អាមេរិកគឺជារដ្ឋតែមួយគត់ដែលប្រើប្រាស់សិទ្ធិវ៉េតូប្រឆាំងអត្ថប្រយោជន៍របស់ជនប៉ាឡេស្ទីន ប្រឆាំងកិច្ចព្រមព្រៀងសន្តិភាព ប្រឆាំងបទឈប់បាញ់ ។
ក្រសួងការពារជាតិអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែលទទួលបានការដឹកជញ្ជូនគ្រាប់បែកធុនធ្ងន់ MK-84 ពីសហរដ្ឋអាមេរិក ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដកចេញឧបសគ្គដាក់លើការនាំចេញគ្រាប់រំសេវដោយរដ្ឋបាលឡើងកាន់តំណែងមុនរបស់លោក Joe Biden ។
គ្រាប់បែក MK-84 គឺជាគ្រាប់បែកមិនតម្រង់គោលដៅទម្ងន់ជាង ៩០៧គ.ក ដែលអាចកម្ទេចបេតុង និងដែក បង្កើតឲ្យមានកម្លាំងផ្ទុះដ៏ខ្លាំងក្លា ។
រដ្ឋបាលរបស់លោក Bidenបដិសេធន៍ពុំព្រមឲ្យនាំចេញគ្រាប់រំសេវទាំងអស់នេះទៅកាន់អ៊ីស្រាអែល ដោយសារក្តីបារម្ភដល់ផលប៉ះពាល់លើតំបន់មានមនុស្សរស់នៅច្រើននៅហ្កាហ្សាស្រ្ទីប ៕