ឃ្លាំងរបស់កម្មវិធីស្បៀងអាហារពិភពលោក ត្រូវបានចូលលួចក្នុងពេលមានការរុលចូលទៅមុខរបស់ក្រុមឧទ្ទាម M23 ទៅកាន់ក្រុង Bukavu នាពេលថ្មីៗនេះ។ យោងតាមទីភ្នាក់ងារអង្គការសហប្រជាជាតិបានឲ្យដឹងថា ក្រុមអ្នកចូលលួចបានគេចខ្លួនយ៉ាងឆាប់រហ័សដោយបាននាំយកគ្រឿងផ្គត់ផ្គង់ស្បៀងមនុស្សធម៌ ចំនួន៧.០០០តោន។
ក្រុមឧទ្ទាម ដែលដណ្តើមយកបានទឹកដីជាច្រើនកន្លែងក្នុងប៉ុន្មានខែថ្មីៗនេះ រួមមានទាំងក្រុង Goma កាលពីខែមករា បានរុលចូលទៅដល់ក្រុង Bukavu។
អាជ្ញាធរប្រទេសកុងហ្គោ អះអាងថា ប្រទេសរ៉្វាន់ដា នៅបន្តគាំទ្រការវាយលុករបស់ក្រុមឧទ្ទាមM23 ជាការចោទប្រកាន់ដែលប្រទេសរ៉្វាន់ដា បានច្រានចោល។
អ្នកស្រុក បានថ្កោលទោសការចូលលួចនៅឃ្លាំងជំនួយ រួមទាំងឃ្លាំងរបស់អង្គការកម្មវិធីស្បៀងអាហារពិភពលោក(WFP) ផងដែរ។ អ្នកស្រុកនិយាយថា «ប្រជាជនភៀសខ្លួននៅតំបន់ Idjwi និងតំបន់ Kalehe ពេលនេះគ្មានអ្វីទាំងអស់ គ្មានទាំងថ្នាំពេទ្យ និងគ្មានទាំងអាហារ»។
កម្មវិធីស្បៀងអាហារពិភពលោក(WFP) បានព្រមានថា ចោរកម្មនឹងធ្វើឱ្យមានភាពស្រេកឃ្លានកាន់តែខ្លាំង សម្រាប់ជនស៊ីវិលភៀសខ្លួនរាប់ពាន់នាក់ នៅក្នុងខេត្ត South Kivu ជាកន្លែងដែលជំនួយ ត្រូវបានកាត់ផ្តាច់ដោយសារតែការប្រយុទ្ធគ្នា។
យោងតាមតួលេខរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា មនុស្សជាង៦,៤លាននាក់ បានភៀសខ្លួនរួចហើយនៅទូទាំងភាគខាងកើតប្រទេសកុងហ្គោ។