មន្រ្តីសហភាពអឺរ៉ុបមួយរូបបានលើកឡើងថា មេដឹកនាំអឺរ៉ុបមួយក្រុមបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំនៅទីក្រុងប៉ារីស កាលពីថ្ងៃចន្ទ (១៧ កុម្ភៈ) ថា ពួកគេត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការធានាសន្តិសុខអ៊ុយក្រែន ប៉ុន្តែបានព្រមានថា នឹងមានគ្រោះថ្នាក់ណាស់ក្នុងការធ្វើបទឈប់បាញ់ ដោយពុំមានកិច្ចព្រមព្រៀងសន្តិភាពក្នុងពេលតែមួយ។
មន្ត្រីរូបនេះបានសង្ខេបលទ្ធផលនៃកិច្ចប្រជុំទីក្រុងប៉ារីសនេះថា "អឺរ៉ុបត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការធានាសន្តិសុខ ជាមួយនឹងវិធីសាស្ត្រដែលត្រូវពិនិត្យជាមួយភាគីនីមួយៗ អាស្រ័យលើកម្រិតនៃការគាំទ្ររបស់អាមេរិក"។

មន្ត្រីសហភាពអឺរ៉ុប ដែលសូមមិនបញ្ចេញឈ្មោះរូបនេះបន្តថា អឺរ៉ុបយល់ស្របជាមួយលោក Trump លើវិធីសាស្រ្ត "សន្តិភាពតាមរយៈកម្លាំង" ប៉ុន្តែគិតថាវាមានគ្រោះថ្នាក់ណាស់ក្នុងការធ្វើបទឈប់បាញ់ បើពុំមានកិច្ចព្រមព្រៀងសន្តិភាពក្នុងពេលតែមួយទេនោះ"។
កិច្ចប្រជុំនេះត្រូវកោះហៅដោយប្រធានាធិបតីបារាំង លោក Emmanuel Macron បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump បានរៀបចំកិច្ចចរចាសន្តិភាពទ្វេភាគីជាមួយរុស្ស៊ី ដោយមិនរាប់បញ្ចូលសម្ព័ន្ធមិត្តអឺរ៉ុប និងអ៊ុយក្រែននៅក្នុងកិច្ចចរចា ដែលនឹងចាប់ផ្តើមនៅអារ៉ាប៊ីសាអ៊ូឌីត នៅថ្ងៃអង្គារ ១៨ កុម្ភៈ នេះ៕

