បាល់ទាត់៖ ក្រុមជើងឯករង World Cup ២០១០ ហូឡង់បានកក់កៅអីនៅកាតាហើយក្រោយយកឈ្នះណ័រវេយ ២-០ ស្របពេលទួរគីបានកៅអី Play-Off។ ក្រុមរបស់លោក Louis van Gaal ត្រូវរង់ចាំដល់ជិតចប់ការប្រកួតទៅហើយ ទើបអាចគ្រាប់បាល់ជ័យជំនះបានពោលគឺកីឡាកររបស់ Spurs, Steven Bergwijn រកបានមួយគ្រាប់នៅនាទីទី៨៤ និង Memphis Depay ធានាបីពិន្ទុនៅនាទីទី៩០+១។

បីពិន្ទុនេះធ្វើឱ្យហូឡង់បញ្ចប់យុទ្ធនាការប្រកួតជំរុះក្នុងពូល G ជាក្រុមលេខ ១ មាន ២៣ពិន្ទុ ខណៈណ័រវេយបរាជ័យនេះធ្វើឱ្យពួកគេបាត់បង់ឱកាស Play-Off ដោយឈរលេខ ៣ មាន ១៨ពិន្ទុ។ ណ័រវេយបានខកខានកៅអី World Cup តាំងពីការបង្ហាញខ្លួនចុងក្រោយនៅឆ្នាំ១៩៩៨ ទឹកដីបារាំង ហើយក៏ខកខានកៅអី Euro តាំងពីឆ្នាំ២០០០។ ចំណែកក្រុមលេខ ២ ក្នុងពូលទទួលបានកៅអី Play-Off គឺទួរគីដែលបានយកឈ្នះនៅទឹកដីម៉ុងតេណេក្រូ ២-១ យប់ថ្ងៃអង្គារម្សិលមិញផងដែរ៕
អត្ថបទ៖នាង សុភាវុធ