ប្រធានាធិបតីម៉ិកស៊ិក លោកស្រី ក្លៅឌៀ សេនបោម(Claudia Sheinbaum) កាលពីថ្ងៃច័ន្ទ បានព្រមានក្រុមហ៊ុនកម្មវិធីស្វែងរកGoogle នៅក្នុងលិខិតលើកទីពីរ ថា រដ្ឋាភិបាលរបស់លោកស្រី នឹងចាត់វិធានការផ្លូវច្បាប់ ប្រសិនបើក្រុមហ៊ុនមិនដូរឈ្មោះឈូងសមុទ្រម៉ិកស៊ិកឡើងវិញ នៅលើផែនទីរបស់ខ្លួន។
មេដឹកនាំប្រទេសម៉ិកស៊ិក បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅវិមានជាតិថា ក្រុមហ៊ុន Google ពុំមានសិទ្ធិប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិកទាំងមូលទៅជាឈូងសមុទ្រអាមេរិក ដើម្បីអនុវត្តតាមក្រឹត្យរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នោះទេ។
ជាថ្មីម្តងទៀត លោកស្រី Sheinbaum បានពន្យល់ថា ក្រឹត្យរបស់ លោក Trump អនុវត្តចំពោះតែទ្វីបអាមេរិកប៉ុណ្ណោះ ដូច្នេះកម្មវិធីស្វែងរកដែលផ្តល់សេវាផែនទីនៅទូទាំងពិភពលោក ពុំមានសិទ្ធិក្នុងការផ្លាស់ប្តូរឈ្មោះឈូងសមុទ្រទាំងមូល ដែលប្រទេសម៉ិកស៊ិក និងគុយបា បានអះអាងសិទ្ធទឹកដីនោះទេ។
លោកស្រី Sheinbaum និយាយថា «យើងនឹងរង់ចាំការឆ្លើយតបរបស់ ក្រុមហ៊ុន Google ហើយប្រសិនបើក្រុមហ៊ុនមិនធ្វើការលើរឿងនេះ នោះយើងនឹងបន្តនីតិវិធីនៅក្នុងតុលាការ»។
ប្រធានាធិបតីបានអានការឆ្លើយតបដំបូងរបស់ក្រុមហ៊ុន Google ទៅកាន់រដ្ឋាភិបាលម៉ិកស៊ិក ដោយក្រុមហ៊ុនបានអះអាងថា ក្នុងនាមជាក្រុមហ៊ុនឯកជននៅក្រៅសន្ធិសញ្ញាអន្តរជាតិ ក្រុមហ៊ុនបានជ្រើសរើសប្រើប្រាស់ឈូងសមុទ្រអាមេរិកសម្រាប់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក ឈូងសមុទ្រម៉ិកស៊ិកសម្រាប់អ្នកប្រើប្រាស់នៅប្រទេសម៉ិកស៊ិក ហើយឈូងសមុទ្រអាមេរិកនិងឈូងសមុទ្រម៉ិកស៊ិក សម្រាប់ពិភពលោកទាំងមូល។