មន្ត្រីក្នុងតំបន់ នៅថ្ងៃអង្គារ (ទី១៨ ខែកុម្ភៈ) បានប្រាប់ឲ្យដឹងថា ការវាយប្រហារ នាពេលយប់ ដោយយានដ្រូនរបស់រុស្សីទ្រង់ទ្រាយធំ បានត្រូវចំអគារលំនៅឋាន ក្នុងទីក្រុង Dolynska នៅភាគកណ្តាលនៃប្រទេសអ៊ុយក្រែន ដោយបានបណ្ដាលឲ្យម្តាយ និងកូនរបស់លោកស្រី ២នាក់ រងរបួស ហើយបង្ខំឲ្យមានការជម្លៀសចេញពីផ្ទះល្វែងចំនួន ៣៨ខ្នង។
អភិបាលតំបន់ លោក Andriy Raikovych បានឲ្យដឹងនៅក្នុងការបង្ហោះលើកម្មវិធីផ្ញើសារ Telegram ថា៖ «នេះគឺជាពេលយប់ដ៏លំបាក សម្រាប់តំបន់ Kirovohrad។ យានដ្រូនរបស់សត្រូវ បានវាយប្រហារអគារដ៏ខ្ពស់មួយ នៅតំបន់ Dolynska»។
លោក Raikovych ដែលបង្ហោះរូបភាពនៃអណ្តាតភ្លើងឆាបឆេះចេញពីបង្អួចនៃអគារផ្ទះល្វែងកម្ពស់ច្រើនជាន់ បានប្រាប់ថា ម្តាយ និងកូនម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
ចំណែកយោធាអ៊ុយក្រែន បានឲ្យដឹងនៅថ្ងៃអង្គារនេះថា រុស្ស៊ីបានបាញ់បង្ហោះយានដ្រូនចំនួន ១៧៦ គ្រឿង ដែលជាការវាយប្រហារទ្រង់ទ្រាយធំមួយ។
យោធាបានបន្ថែមថា កងកម្លាំងទ័ពអាកាសរបស់អ៊ុយក្រែន បានបាញ់ទម្លាក់យានដ្រូនចំនួន ១០៣គ្រឿង ហើយ ៦៧គ្រឿងទៀត មិនបានទៅដល់គោលដៅទេ ដែលប្រហែលជាដោយសារវិធានការប្រឆាំងគ្រឿងអេឡិចត្រូនិក។ យ៉ាងណាក្ដី យោធោមិនបានបបញ្ជាក់ថា តើមានអ្វីកើតឡើង ចំពោះយានដ្រូនចំនួន ៦គ្រឿងផ្សេងទៀតនោះទេ ប៉ុន្តែបានប្រាប់ថា តំបន់ Kirovohrad, Kharkiv, Kyiv និង Cherkasy ត្រូវបានរងផលប៉ះពាល់។
រីឯអភិបាលក្រុងគីវ លោក Vitali Klitschko បាននិយាយថា បំណែកយានដ្រូន បានធ្លាក់នៅក្នុងតំបន់មួយនៃរដ្ឋធានី ដែលបណ្តាលឲ្យមានអគ្គិភ័យ នៅសហគ្រាសឧស្សាហកម្មមួយកន្លែង។
ពាក់ព័ន្ធការវាយប្រហារដោយយានដ្រូននេះ ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ពីរបាយការណ៍នេះដោយឯករាជ្យបានឡើយ។ ហើយក៏មិនមានការអត្ថាធិប្បាយភ្លាមៗពីរុស្ស៊ីនោះដែរ៕