ប្រទេសហ្វីលីពីន បានរកឃើញការប៉ុនប៉ងរបស់បរទេស ដើម្បីចូលប្រើទិន្នន័យស៊ើបការណ៍ ប៉ុន្តែរដ្ឋមន្ត្រីអ៊ីនធឺណេតរបស់ប្រទេស នៅថ្ងៃអង្គារ (ទី១៨ ខែកុម្ភៈ) បាននិយាយថា មិនមានការរំលោភបំពានណាមួយ ត្រូវបានកត់ត្រានោះទេ រហូតមកដល់ពេលនេះ។
លោក Ivan Uy រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទូរគមនាគមន៍ បានប្រាប់ថា ការប៉ុនប៉ងលួចទិន្នន័យ គឺមានលក្ខណៈទូលំទូលាយ។ លោកបាននិយាយថា ក្រុមវាយប្រហារឈ្មោះ Advanced Persistent Threats ឬ APTs បានព្យាយាមម្តងហើយម្តងទៀត ប៉ុន្តែមិនអាចជ្រៀតចូលប្រព័ន្ធរបស់រដ្ឋាភិបាលបាន ដោយលើកឡើងថា ការការពារប្រព័ន្ធអ៊ីនធឺណិតរបស់ប្រទេស គឺខ្លាំងល្អណាស់។
APTs គឺជាពាក្យទូទៅ សម្រាប់តួអង្គ ឬក្រុមចោរបច្ចេកវិទ្យាព័ត៌មានវិទ្យា ជារឿយៗគាំទ្រដោយរដ្ឋ ដែលចូលរួមក្នុងសកម្មភាពវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណិត។
លោក Uy បានប្រាប់សារព័ត៌មាន Reuters ថា៖ «ករណីទាំងនេះមានមួយរយៈមកហើយ ហើយការគំរាមកំហែងមានពីតួអង្គជាច្រើន ប៉ុន្តែភាគច្រើនជាក្រុមបរទេស»។
គួរបញ្ជាក់ថា ការគម្រាមកំហែងទាំងនេះមួយចំនួន ដែលលោក Uy ហៅថា «ការវាយប្រហារតាមអ៊ិនធឺណិតសម្ងំលាក់ខ្លួន» ត្រូវបានបង្កប់នៅក្នុងប្រព័ន្ធ មុនពេលត្រូវបានរកឃើញដោយកិច្ចប្រឹងប្រែងសន្តិសុខអ៊ីនធឺណិតរបស់រដ្ឋាភិបាល៕