អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova នៅថ្ងៃអង្គារ (ទី១៨ ខែកុម្ភៈ) នេះ បាននិយាយថា ប្រទេសរុស្ស៊ីចង់ឲ្យអង្គការណាតូបដិសេធការសន្យាឆ្នាំ២០០៨ របស់ខ្លួន ដែលថា នៅថ្ងៃណាមួយអនុញ្ញាតឲ្យអ៊ុយក្រែនចូលជាសមាជិករបស់សម្ព័ន្ធមិត្តយោធាដឹកនាំដោយសហរដ្ឋអាមេរិក។
លោកស្រី Zakharova បាននិយាយថា សមាជិកភាពរបស់អង្គការណាតូ សម្រាប់អ៊ុយក្រែន គឺមិនអាចទទួលយកបាននោះឡើយ សម្រាប់រុស្ស៊ី ប៉ុន្តែការបដិសេធយ៉ាងសាមញ្ញ ក្នុងការមិនអនុញ្ញាតឲ្យអ៊ុយក្រែនចូលទៅក្នុងអង្គការណាតូ ក៏មិនគ្រប់គ្រាន់ សម្រាប់រុស្ស៊ីដែរ។
លោក Zakharova បានបញ្ជាក់ថា៖ «នេះគឺការបង្ហាញយ៉ាងច្បាស់លាស់ថា ការបដិសេធមិនអនុញ្ញាតឲ្យទីក្រុងគីវចូលទៅក្នុងអង្គការណាតូនោះ គឺមិនគ្រប់គ្រាន់ទេ។ សម្ព័ន្ធភាពត្រូវតែបដិសេធចោលនូវការសន្យានៅទីក្រុង Bucharest ឆ្នាំ២០០៨»។
គួររំលឹកថា នៅឯកិច្ចប្រជុំកំពូល នាទីក្រុង Bucharest ប្រទេសរ៉ូម៉ានី ក្នុងខែមេសា ឆ្នាំ២០០៨ អង្គការណាតូ បានប្រកាសថា ទាំងអ៊ុយក្រែន និងហ្សកហ្ស៊ី នឹងចូលរួមជាមួយសម្ព័ន្ធភាពការពារជាតិ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ប៉ុន្តែមិនបានផ្តល់ឲ្យប្រទេសទាំង២ នូវផែនការ ដើម្បីសម្រេចបាននូវភាពជាសមាជិកនោះទេ៕