មន្ត្រីសុខាភិបាលក្នុងតំបន់បាននិយាយថា មន្ទីរពេទ្យបង្អែកក្នុងក្រុង Bukavu បានទទួលអ្នករងរបួសធ្ងន់ ខណៈប្រទេសរ៉្វាន់ដាគាំទ្រក្រុមឧទ្ទាមM23 បានរុញច្រានចូលកាន់តែជ្រៅទៅក្នុងភាគខាងកើតប្រទេសកុងហ្គោ។

ក្រុមឧទ្ទាម M23 ដែលបានដណ្តើមកាន់កាប់ទឹកដីជាច្រើនកន្លែងក្នុងប៉ុន្មានខែថ្មីៗនេះ រួមទាំងទីក្រុង Goma ក្នុងខែមករា បានចូលទៅក្រុង Bukavu ភាគកណ្តាលកាលពីថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ។ អាជ្ញាធរកុងហ្គោ អះអាងថា ប្រទេសរ៉្វាន់ដា នៅតែបន្តគាំទ្រការវាយលុករបស់ក្រុមឧទ្ទាម M23 ដែលការចោទប្រកាន់នេះ ត្រូវបានប្រទេសរ៉្វាន់ដា បដិសេធ។

នាយកមន្ទីរពេទ្យ លោក Guy Mulingati បាននិយាយថា អ្នកជំងឺ៤៧នាក់ដែលមានរបួសដោយគ្រាប់កាំភ្លើង មានស្ត្រី ៣០% និងបុរស៧០% បានចូលសសម្រាកនៅមន្ទីរពេទ្យចាប់តាំងពីអ្នកប្រយុទ្ធ M23 ចូលដល់ទីក្រុង។
ស្ត្រីម្នាក់ និយាយថា គ្រាប់កាំភ្លើង ត្រូវចំជើងរបស់នាង ពេលនោះប្តីរបស់នាងបានលើកបីនាងទៅកាន់ផ្លូវដើម្បីរង់ចាំរថយន្តគិលានសង្គ្រោះ។
មន្ត្រីរដ្ឋាភិបាលរាយការណ៍ថា ការវាយលុករយៈពេលមួយសប្តាហ៍មកនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់៧៧៣នាក់ ខណៈទីភ្នាក់ងារអង្គការសហប្រជាជាតិ បានព្រមានពីស្ថានភាពមនុស្សធម៌កាន់តែធ្ងន់ធ្ងរទៅៗ ដោយមនុស្សរាប់សែននាក់បានភៀសខ្លួនចេញ។ កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ ត្រូវបានរារាំង ដោយសារផ្លូវដឹកជញ្ជូននៅតែត្រូវបានរារាំង ហើយចោរកម្ម បានធ្វើឲ្យប៉ះពាល់ដល់ការដឹកជញ្ជូនជំនួយ។