ប្រទេសម៉ិកស៊ិក បានចាប់ផ្តើមឡើងវិញនូវយុទ្ធនាការម៉ាកយីហោផលិតនៅម៉ិកស៊ិក «Made in Mexico» ដើម្បីជំរុញផលិតកម្មជាតិ និងការពារផលប៉ះពាល់នៃការដំឡើងពន្ធ២៥ភាគរយលើការនាំចូលពីម៉ិកស៊ិក ដែលត្រូវបានប្រកាសដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចប្រទេសម៉ិកស៊ិក លោក Marcelo Ebrard បាននិយាយថា «គោលបំណងនៃកិច្ចខិតខំប្រឹងប្រែងនេះ គឺសម្រាប់ប្រទេសម៉ិកស៊ិកឈានឆ្ពោះទៅមុខ ដើម្បីជម្នះលើអ្វីៗដែលកើតឡើងចំពោះយើង និងដើម្បីឱ្យយើងរួបរួមគ្នា និងរឹងមាំ។

ការចាប់ផ្តើមព្រឹត្តិការណ៍ ត្រូវបានធ្វើឡើងនៅទីស្នាក់ការកណ្តាលនៃក្រសួងសេដ្ឋកិច្ច មួយថ្ងៃបន្ទាប់ពីម៉ាកយីហោ «ផលិតនៅម៉ិកស៊ិក» និងគោលការណ៍ណែនាំប្រើប្រាស់ ត្រូវបានចេញផ្សាយ។
ទន្ទឹមនឹងនេះ ប្រទេសម៉ិកស៊ិក កំពុងពិភាក្សាជាមួយសហរដ្ឋអាមេរិក លើបញ្ហាពាណិជ្ជកម្ម អន្តោប្រវេសន៍ និងបញ្ហាសន្តិសុខ ដើម្បីទប់ស្កាត់ការដំឡើងពន្ធ២៥ភាគរយលើការនាំចូលពីប្រទេសម៉ិកស៊ិក ដែលនឹងចាប់ផ្តើមនៅក្នុងខែមីនា។
កាលពីថ្ងៃទី១ ខែកុម្ភៈ លោក Trump បានចុះហត្ថលេខាលើក្រឹត្យដើម្បីដាក់ពន្ធបន្ថែម២៥ភាគរយ លើការនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក និងបន្ថែមពន្ធ១០ភាគរយលើការនាំចូលពីប្រទេសចិន ដែលបានធ្វើឲ្យមានការប្រឆាំងរាលដាល និងការសងសឹកភ្លាមៗ។ ក្រោយមក លោកបានផ្អាកការដំឡើងពន្ធលើប្រទេសកាណាដា និងម៉ិកស៊ិក រយៈពេលមួយខែ ដើម្បីអនុញ្ញាតឱ្យមានការចរចា។