អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ទីក្រុងមូស្គូ ត្រៀមខ្លួនជាស្រេច ដើម្បីជួយទីក្រុងតេអេរ៉ង់ ដោះស្រាយបញ្ហាទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍មួយ ជាមួយទីភ្នាក់ងារសារព័ត៌មាន IRNAថា៖«ទីក្រុងមូស្គូយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងល្អជាមួយអ៊ីរ៉ង់ ហើយមានបំណងអភិវឌ្ឍន៍ពួកវា ឲ្យទូលំទូលាយ រួមទាំងការផ្តល់ជំនួយ ក្នុងការដោះស្រាយបញ្ហាសំខាន់ៗ រួមទាំងកម្មវិធីនុយក្លេអ៊ែរផងដែរ»។
លោក Peskov បានលើកឡើងថា ការចាប់ផ្តើមកិច្ចចរចារវាងអាមេរិក និងរុស្ស៊ី នឹងមិនប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងទីក្រុងម៉ូស្គូនិងទីក្រុងតេអេរ៉ង់នោះទេ។
កាលពីថ្ងៃទី ១៨ ខែកុម្ភៈ គណៈប្រតិភូរុស្ស៊ី និងអាមេរិក បានធ្វើកិច្ចចរចា នៅទីក្រុងរីយ៉ាដ ដើម្បីពិភាក្សាអំពីការស្ដារឡើងវិញនូវទំនាក់ទំនងទ្វេភាគីទាំងអស់ ក៏ដូចជាការត្រៀមរៀបចំសម្រាប់ការពិភាក្សាអំពីដំណោះស្រាយអ៊ុយក្រែន និងជំនួបរវាងលោក ពូទីន និងលោក ត្រាំ។ ប្រទេសរុស្ស៊ី ត្រូវបានតំណាង នៅក្នុងកិច្ចប្រជុំ ដោយរដ្ឋមន្ត្រីការបរទេសលោក សឺហ្គេ ឡាវរ៉ូវ ( Sergey Lavrov) និងជំនួយការវិមានក្រឹមឡាំង លោក Yury Ushakov ។ យោងតាមសារព័ត៌មាន CNN បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសលោក Marco Rubio ទីប្រឹក្សាសន្តិសុខជាតិរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump)លោក Mike Waltz និងបេសកជនពិសេសរបស់មេដឹកនាំអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff បានតំណាងឲ្យសហរដ្ឋអាមេរិក នៅក្នុងកិច្ចពិភាក្សា នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។