ប្រភពការទូត កាលពីថ្ងៃអង្គារ (ទី១៩ ខែកុម្ភៈ) បានប្រាប់ឲ្យដឹងថា ប្រទេសបារាំងគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី២ ដើម្បីពិភាក្សាអំពីបញ្ហាអ៊ុយក្រែន និងសន្តិសុខអឺរ៉ុប នាថ្ងៃទី១៩ ខែកុម្ភៈនេះ ប៉ុន្តែលើកនេះ បានអញ្ជើញប្រទេសអឺរ៉ុបដែលមិនមានវត្តមាន នៅដើមសប្តាហ៍នេះ និងសម្ព័ន្ធមិត្តរបស់អង្គការណាតូ គឺកាណាដា។
ប្រភពចំនួន ២ បាននិយាយថា ប្រទេសដែលត្រូវបានអញ្ជើញនោះ មានន័រវ៉ែស កាណាដា លីទុយអានី អេស្តូនី ឡាតវី សាធារណរដ្ឋឆេក ក្រិក ហ្វាំងឡង់ រូម៉ានី ស៊ុយអែត និងបែលហ្ស៊ិក។ ចំណេកអ្នកការទូត ៣នាក់ទៀត បានប្រាប់ថា កិច្ចប្រជុំនេះនឹងរួមមានទាំងការចូលរួមផ្ទាល់ និងតាមរយៈវីដេអូ។

គួរបញ្ជាក់ថា ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃចន្ទ (ទី១៧ ខែកុម្ភៈ) បានរៀបចំកិច្ចប្រជុំបន្ទាន់មួយជាមួយប្រទេសមួយចំនួន ដែលរួមមានទាំងចក្រភពអង់គ្លេស អាល្លឺម៉ង់ និងអ៊ីតាលី ព្រមទាំងសម្ព័ន្ធភាពណាតូ និងនាយកប្រតិបត្តិសហភាពអឺរ៉ុបផងដែរ។
ការជួបជុំនោះ គឺជាផ្នែកនៃកិច្ចប្រឹងប្រែង ដើម្បីវាយតម្លៃថា តើលទ្ធភាពនៃការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន អាចលេចចេញជារូបរាងយ៉ាងដូចម្ដេច ថា តើអឺរ៉ុបគួរតែចាត់វិធានការឲ្យបានលឿន ដើម្បីបង្កើនការចំណាយលើវិស័យការពារជាតិយ៉ាងដូចម្ដេច និងថា តើត្រូវមានចំណាត់ការឲ្យបានឆាប់រហ័សយ៉ាងដូចម្ដេច នៅពេលដែលរដ្ឋបាលសហរដ្ឋអាមេរិក ពន្លឿនកិច្ចប្រឹងប្រែងការទូត ដើម្បីបញ្ចប់សង្គ្រាមរយៈពេល ៣ឆ្នាំ រវាងអ៊ុយក្រែន និងរុស្ស៊ី៕

