ប្រទេសទាំងពីរ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃអង្គារថា ប្រទេសកាតា បានប្តេជ្ញាចិត្ត ក្នុងការបណ្តាក់ទុនចំនួន១០ពាន់លានដុល្លារ នៅក្នុងប្រទេសឥណ្ឌា លើវិស័យផ្សេងៗ បន្ទាប់ពីលោក Emir Sheikh Tamim bin Hamad Al-Thani របស់ប្រទេសកាតា បានធ្វើទស្សនកិច្ច នៅទីក្រុងញូវដែលី។
នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បាននិយាយថា លោកមាន «កិច្ចប្រជុំប្រកបដោយផលិតភាព» ជាមួយ មេដឹកនាំរបស់ប្រទេសកាតា ដែលកំពុងបំពេញទស្សនកិច្ចរយៈពេល ពីរថ្ងៃ ទៅកាន់ទីក្រុងញូវដែលី។
លោក Modi បានលើកឡើងក្នុងការបង្ហោះនៅលើបណ្តាញសង្គម Xថា៖«ពាណិជ្ជកម្មមានលក្ខណៈពិសេស នៅក្នុងកិច្ចពិភាក្សារបស់យើង។ យើងចង់ពង្រឹងនិងពង្រីកទំនាក់ទំនងពាណិជ្ជកម្មឥណ្ឌា-កាតា» ហើយនេះគឺជាដំណើរទស្សនកិច្ចលើកដំបូងដោយមេដឹកនាំកាតា ទៅកាន់ប្រជាជាតិអាស៊ីខាងត្បូង ក្នុងរយៈពេល ១០ឆ្នាំ។
យោងតាមសេចក្តីថ្លែងការណ៍នោះ ប្រទេសកាតា នឹងវិនិយោគ ១០ពាន់លានដុល្លារ នៅក្នុងប្រទេសឥណ្ឌា លើវិស័យហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា ការផលិត សន្តិសុខស្បៀង ភ័ស្តុភារ បដិសណ្ឋារកិច្ច និង វិស័យផ្សេងៗទៀត។
ក្រសួងការបរទេសឥណ្ឌា បានឲ្យដឹង នៅមុននេះបន្តិចថា ប្រទេសទាំងពីរ នឹងមានបំណងបង្កើនពាណិជ្ជកម្មប្រចាំឆ្នាំរបស់ពួកគេទ្វេដង ដល់ ២៨ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ហើយកំពុងស្វែងរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។