រដ្ឋមន្ត្រីក្រសួងព័ត៌មានយេម៉ែន លោក Moammar Al-Eryani កាលពីថ្ងៃពុធ បានអំពាវនាវឲ្យចាប់ខ្លួនមេដឹកនាំមួយក្រុមមកពីក្រុមហ៊ួទី ដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ នៅប្រទេសយេម៉ែន ដែលលោកបាននិយាយថា នឹងចូលរួមក្នុងពិធីបុណ្យសពរបស់ប្រមុខក្រុមហេសបូឡា នៅប្រទេសលីបង់ លោក Hassan Nasrallah នៅទីក្រុងបេរូត (Beirut) ។
លោក Nasrallah ដែលបានបម្រើការជាអគ្គលេខាធិការរបស់ក្រុមហេសបូឡា អស់រយៈពេលជាង ៣០ឆ្នាំត្រូវបានសម្លាប់ កាលពីថ្ងៃទី ២៧ ខែកញ្ញា ខណៈដែលអ៊ីស្រាអែល បានបង្កើនការវាយប្រហាររបស់ខ្លួនទៅលើភាគខាងត្បូងប្រទេសលីបង់។ ពិធីបុណ្យសពរបស់លោក គ្រោងធ្វើឡើង នៅថ្ងៃទី ២៣ ខែកុម្ភៈ។
លោក Eryani បានទាមទារថា រដ្ឋាភិបាលលីបង់ គួរតែចាប់ខ្លួនមេដឹកនាំហ៊ួទី ហើយប្រគល់ពួកគេ ទៅឲ្យ រដ្ឋាភិបាលដែលជាគូប្រជែងទទួលស្គាល់ដោយអន្តរជាតិ នៅក្នុងការបង្ហោះ នៅលើបណ្តាញសង្គម X ។
លោកមិនបានបញ្ចេញឈ្មោះមន្ត្រីហ៊ួទីទាំងនោះទេ។
ទាំងរដ្ឋាភិបាលលីបង់ និងមេដឹកនាំហ៊ួទី មិនអាចទាក់ទងភ្លាមៗសម្រាប់ការធ្វើអត្ថាធិប្បាយទេ។
ក្រុមហ៊ួទី មិនបានប្រកាសជាផ្លូវការថា គណៈប្រតិភូកំពុងចូលរួមពិធីបុណ្យសពនោះទេ ប៉ុន្តែទូរទស្សន៍ Al-Masirah របស់ក្រុមនេះ បានរាយការណ៍ថា គណៈប្រតិភូមកពីប្រទេសយេម៉ែន នឹងចូលរួម។ លោកបានបន្ថែមថា៖«យើងបញ្ជាក់ថា ចលនារបស់មេដឹកនាំភេរវករទាំងនេះ... នៅក្នុងពេលវេលានេះ មិនមែនគ្រាន់តែជាការចូលរួម នៅក្នុងពិធីបុណ្យសព ដែលត្រូវបានប្រើប្រាស់ជាការបិទបាំង ដើម្បីប្រមូលផ្តុំមេដឹកនាំទាំងអស់នៃអ័ក្សតស៊ូអ៊ីរ៉ង់ និងវាយតម្លៃស្ថានភាព បន្ទាប់ពីការវាយប្រហារជាច្រើន ដែលពួកគេ បានទទួល»។