មន្ត្រីបានប្រាប់ឲ្យដឹងថា មនុស្ស ២នាក់ បានបាត់បង់ជីវិត នៅពេលដែលយន្តហោះធុនតូច ២គ្រឿង បានបុកគ្នានៅកណ្តាលអាកាស ក្បែរអាកាសយានដ្ឋាន ក្នុងតំបន់មួយ នៅភាគខាងត្បូងរដ្ឋ Arizona សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃពុធ (ទី១៩ ខែកុម្ភៈ)។
យោងតាមក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ (NTSB) បានឲ្យដឹងថា យន្តហោះប្រភេទ Cessna 172S និង Lancair 360 MK II មានមនុស្ស ២នាក់ជិះនៅលើដូចគ្នា នៅពេលដែលបានហោះទៅបុកគ្នា មុនតែបន្តិចម៉ោង ៨:៣០ព្រឹក (ម៉ោងក្នុងស្រុក) ក្បែរអាកាសយានដ្ឋាន Marana Regional Airport ក្នុងទីក្រុង Marana រដ្ឋ Arizona។
NTSB បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីម៉ែលថា ក្រោយមក យន្តហោះ Lancair បានធ្លាក់នៅជិតផ្លូវរត់ ហើយបន្ទាប់មកបានឆេះ ខណៈពេលដែលយន្តហោះ Cessna បានចុះចត «ដោយមិនមានបញ្ហាអ្វី»។
ក្រុមមន្ត្រីបានប្រាប់ថា មនុស្ស ២នាក់ នៅលើយន្តហោះ Lancair បានស្លាប់ទាំងអស់ ខណៈដែល ២នាក់នៅក្នុងយន្តហោះ Cessna មិនមានរបួសអ្វីឡើយ។
ជនរងគ្រោះដែលបានបាត់បង់ជីវិត មិនត្រូវបានបញ្ចេញឈ្មោះឲ្យដឹងនោះទេ ប៉ុន្តែលោកស្រី Vic Hathaway អ្នកគ្រប់គ្រងទំនាក់ទំនងរបស់ទីក្រុង បានប្រាប់ថា ពួកគេមកពីខាងក្រៅក្រុងនេះ៕



