អ្នកនាំពាក្យនគរបាលកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា នគរបាលកំពុងកសាងសំណុំរឿងជាផ្លូវការប្រឆាំងនឹងប្រធានាធិបតីដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែង លោក Yoon Suk Yeol ជុំវិញការចោទប្រកាន់ថាលោកបានរារាំងការអនុវត្តដីកាចាប់ខ្លួន។

តុលាការកូរ៉េខាងត្បូងបានចេញដីកាចាប់ខ្លួនលោក Yoon កាលពីថ្ងៃទី ៣១ ខែធ្នូ នៅក្នុងការស៊ើបអង្កេតព្រហ្មទណ្ឌដោយចោទប្រកាន់មេដឹកនាំដែលត្រូវបានផ្អាកតំណែងពីបទបះបោរជុំវិញក្រឹត្យច្បាប់អាជ្ញាសឹករបស់លោកកាលពីឆ្នាំមុន។

ទោះយ៉ាងណាក៏ដោយ ដីកានេះមិនត្រូវបានអនុវត្តរហូតដល់ថ្ងៃទី ១៥ ខែមករា បន្ទាប់ពីលោក Yoon មិនធ្វើតាម ហើយសេវាសន្តិសុខប្រធានាធិបតី បានរារាំងក្រុមអ្នកស៊ើបអង្កេតជាច្រើនថ្ងៃ។

អ្នកនាំពាក្យនគរបាលបាននិយាយតាមសារជាអក្សរថា នគរបាល បាននិងកំពុងស៊ើបអង្កេតលោក Yoon ក្នុងករណីសង្ស័យពីបទរារាំងពិសេសនៃកាតព្វកិច្ចសាធារណៈចាប់តាំងពីថ្ងៃទី៣ ខែមករា។
ការចោទប្រកាន់បទព្រហ្មទណ្ឌនេះត្រូវផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់៥ឆ្នាំ យោងតាមច្បាប់កូរ៉េខាងត្បូង។
លោក Yoon បាននិយាយថាការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោកមិនមែនជាការបះបោរទេ ក្នុងនោះការចោទប្រកាន់មួយក្នុងចំណោមការចោទប្រកាន់ពីរករណីលើប្រធានាធិបតីក្នុងតំណែង គឺពុំមានអភ័យឯកសិទ្ធិទេ។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានបង្ហាញខ្លួននៅតុលាការក្រុងសេអ៊ូល កាលពីថ្ងៃព្រហស្បតិ៍ ២០ កុម្ភៈសប្ដាហ៍នេះ សម្រាប់សវនាការលើកដំបូងនៃការកាត់ទោសព្រហ្មទណ្ឌរបស់លោក ជុំវិញការចោទប្រកាន់ពីបទបះបោរ ខណៈមេធាវីតំណាងរបស់លោក ទាមទារឱ្យដោះលែងលោកពីពន្ធនាគារ៕