ទាហានកុងហ្គោ ជាច្រើនបានរត់ចោលជួរកងទ័ព ខណៈកងកម្លាំងទុច្ចរិតបានបាញ់កាំភ្លើង និងលួចប្លន់ផ្នែកខ្លះនៃទីប្រជុំជន Lubero ភាគខាងកើត ហើយរដ្ឋាភិបាលកុងហ្គោ នៅថ្ងៃព្រហស្បតិ៍ (២០ កុម្ភៈ) បានអំពាវនាវឱ្យអ្នកទាំងនោះចូលរួមក្នុងអង្គភាពរបស់ពួកគេឡើងវិញ បន្ទាប់ពីបានភៀសខ្លួនចេញពីការប៉ះទង្គិចគ្នានៅក្បែរនោះ ជាមួយនឹងក្រុមឧទ្ទាមគាំទ្រដោយប្រទេសរ្វ៉ាន់ដា ដែលបង្កជាភាពភ័យខ្លាចយ៉ាងតានតឹងនៅទីនោះ។

ភាពចលាចលបែបនេះកំពុងកើនឡើងខ្លាំងនៅក្នុងកងកម្លាំងប្រដាប់អាវុធកុងហ្គោ ដែលកំពុងប្រឈមមុខនឹងការវាយលុកកំពុងបន្តរបស់ក្រុមឧទ្ទាម M23 ដែលបានកាន់កាប់ទីក្រុងធំជាងគេចំនួនពីររបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោភាគខាងកើត និងបង្កឱ្យមានការភ័យខ្លាចនៃសង្គ្រាមកាន់តែទូលំទូលាយ។

អ្នកនាំពាក្យកងទ័ពកុងហ្គោ បានប្រាប់សារព័ត៌មានរ៉យទ័រថា ការប្រយុទ្ធគ្នាជាមួយក្រុមឧទ្ទាម M23 បានបន្តនៅខាងក្រៅទីប្រជុំជន នៅតំបន់ភាគខាងត្បូងនៃដែនដី Lubero ដ៏ធំទូលាយ ក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ។

នៅព្រឹកថ្ងៃព្រហស្បតិ៍ អ្នកស្រុកនៃទីប្រជុំជន Lubero បានពណ៌នាពីទិដ្ឋភាពដ៏វឹកវរ ដោយសារតែការរត់ចោលជួរពីខ្សែប្រយុទ្ធជួរមុខ រួមទាំងការផ្ទុះអាវុធ និងការលួចប្លន់នៅផ្សារកណ្តាល និងនៅក្នុងទីតាំងអាជីវកម្មនានា៕