សហរដ្ឋអាមេរិកបាននិរទេសជនអន្តោប្រវេសន៍ចំនួន ១៧៧នាក់ ចេញពីមូលដ្ឋានយោធារបស់ខ្លួន ក្នុងទីក្រុង Guantanamo ប្រទេសគុយបា ទៅកាន់ស្រុកកំណើតរបស់ពួកគេ ក្នុងប្រទេសវ៉េណេហ្ស៊ុយអេឡា កាលពីថ្ងៃព្រហស្បតិ៍ ដែលជាសញ្ញាចុងក្រោយនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល ដែលមានជម្លោះយូរមកហើយនោះ។
មន្ត្រីនៅទីក្រុងវ៉ាស៊ីនតោន និងទីក្រុងការ៉ាកាស បានបញ្ជាក់ថា យន្តហោះមួយគ្រឿង បានចាកចេញពីមូលដ្ឋានសហរដ្ឋអាមេរិក ហើយបានដាក់មនុស្ស ១៧៧នាក់ នៅក្នុងប្រទេសហុងឌូរ៉ាស ជាកន្លែងដែលពួកគេ ត្រូវបានទទួលដោយរដ្ឋាភិបាលវ៉េណេហ្ស៊ុយអេឡា។ បន្ទាប់មកអ្នកនិរទេស បានចាកចេញទៅកាន់ប្រទេសវ៉េណេហ្ស៊ុយអេឡា តាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Conviasa ដែលបានមកដល់ទីក្រុង Maiquetia កាលពីល្ងាចថ្ងៃព្រហស្បតិ៍។
រដ្ឋមន្ត្រីមហាផ្ទៃវ៉េណេហ្ស៊ុយអេឡា លោក Diosdado Cabello បានទទួលក្រុមអ្នកនិរទេសបុរសទាំងអស់នៅអាកាសយានដ្ឋាន ដោយប្រាប់ពួកគេថា «សូមស្វាគមន៍មកកាន់មាតុភូមិ»។
លោក Cabello បានប្រាប់អ្នកសារព័ត៌មានថា៖« តាមទ្រឹស្តី អ្នកដែលបានត្រឡប់មកវិញ គឺជាជនជាតិវ៉េណេហ្ស៊ុយអេឡាទាំងអស់ ដែលស្ថិតនៅក្នុងមូលដ្ឋានយោធា Guantanamo» ដោយបន្ថែមថា ជើងហោះហើរនិរទេសមួយផ្សេងទៀត ត្រូវបានគេរំពឹងថា នឹងមកដល់នៅចុងសប្តាហ៍នេះ។