ប៉ូឡូញ៖ ប្រធានាធិបតីប៉ូឡូញលោក Andrzej Duda បាននិយាយថា វិបត្តិជនអន្តោប្រវេសន៍នៅព្រំដែនប្រទេសរបស់លោកជាមួយប្រទេសបេឡារុស បានបង្ហាញនូវបញ្ហាប្រឈមផ្នែកសន្តិសុខខ្លាំងចំពោះមិនត្រឹមតែសហភាពអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែក៏មានអង្គការណាតូផងដែរ។ លោក Duda បាននិយាយដូច្នេះក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរួមគ្នា ជាមួយសមភាគីប្រទេសម៉ាសេដូនាខាងជើងលោក Stevo Pendarovski។

លោក Duda បាននិយាយនៅក្នុងកិច្ចពិភាក្សានាពេលថ្មីៗនេះ ជាមួយអគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg ដោយលោកបានបង្ហាញពីការគំរាមកំហែងដែលអាចកើតមានពីប្រទេសបេឡារុស។ លោកប្រធានាធិបតីបាននិយាយថា លោកនៅតែជឿថា វិបត្តិអាចត្រូវបានដោះស្រាយ។ ប្រទេសលោកខាងលិចបានចោទប្រកាន់ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko ថា បានប្រើប្រាស់ជនអន្តោប្រវេសន៍ធ្វើជាកូនអុកដើម្បីធ្វើឱ្យសហភាពអឺរ៉ុបមានអស្ថិរភាព ក្នុងការសងសឹកចំពោះការដាក់ទណ្ឌកម្មលើរបបផ្តាច់ការរបស់លោក។ ប្រទេសបេឡារុសបានបដិសេធចំពោះវិបត្តិនេះ ដែលបានមើលឃើញជនអន្តោប្រវេសន៍ចូលមកប្រទេសតាំងពីរដូវក្តៅមុន ហើយបន្ទាប់មកព្យាយាមឆ្លងកាត់ទៅប្រទេសប៉ូឡូញ លីទុយអានី និងឡាតវី។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋប្រទេសបេឡារុសបានចេញផ្សាយវីដេអូ នៃជនអន្តោប្រវេសន៍នៅព្រំដែនប្រទេសបេឡារុស-ប៉ូឡូញត្រូវបានគេផ្តល់អាហារ និងទីជម្រកដែលរៀបចំនៅមជ្ឈមណ្ឌលដឹកជញ្ជូនក្បែរព្រំដែន។

វីដេអូដែលចាក់ផ្សាយដោយទូរទស្សន៍រដ្ឋរុស្ស៊ីបានបង្ហាញពីបុគ្គលិកពេទ្យប្រទេសបេឡារុស បានមកដល់ព្រំដែនដើម្បីចាប់ផ្ដើមចាក់វ៉ាក់សាំងជនអន្តោប្រវេសន៍បង្ការវីរុស COVID-19។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ជនអន្តោប្រវេសន៍រាប់ពាន់នាក់បានជាប់គាំងនៅក្នុងព្រៃត្រជាក់ និងសើមនៅព្រំដែនភាគខាងកើតប្រទេសប៉ូឡូញ។ យោងតាមអ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយថា ប្រធានាធិបតីប្រទេសបេឡារុស និងរុស្ស៊ីបានបង្ហាញការព្រួយបារម្ភជុំវិញតាមការចោទប្រកាន់ថា បានធ្វើបាបជនអន្តោប្រវេសន៍ដោយមន្ត្រីព្រំដែនប្រទេសប៉ូឡូញ។ ភាពតានតឹងបានផ្ទុះឡើងនៅព្រំដែនប្រទេសប៉ូឡូញ-បេឡារុស ដោយមនុស្សប្រមាណ ២.០០០នាក់ជាប់គាំងរវាងកងកម្លាំងមកពីប្រទេសទាំងពីរ៕
អត្ថបទ៖ ប៊ុនថន