នគរបាលប្រទេសអាល្លឺម៉ង់ បានចាប់ខ្លួនជនសង្ស័យម្នាក់ កាលពីល្ងាចថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ក្នុងការចាក់ដោយកាំបិត នៅទីរំលឹកវិញ្ញាណក្ខន្ធ Holocaust ក្នុងទីក្រុងប៊ែកឡាំង ដែលបានធ្វើឱ្យបុរសម្នាក់របួសធ្ងន់ រយៈពេលពីរថ្ងៃនៅមុនការបោះឆ្នោតរបស់ប្រទេស។
នាយកដ្ឋាននគរបាលទីក្រុងប៊ែរឡាំង ពុំបានផ្តល់ព័ត៌មានលម្អិតអំពីអត្តសញ្ញាណរបស់ជនសង្ស័យ ឬហេតុផលដែលជំរុញឲ្យបុរសនេះ ធ្វើទៅបាន។
នគរបាលទីក្រុង បានបង្ហោះនៅលើបណ្តាញ X ភ្លាមៗ បន្ទាប់ពីអ្នកនាំពាក្យនគរបាលបាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរ៉យទ័រថា «កងកម្លាំងរបស់យើង បានឃាត់ខ្លួនជនសង្ស័យម្នាក់នៅក្នុងតំបន់ជុំវិញកន្លែងកើតហេតុ»។ ទីរំលឹកវិញ្ញាណក្ខន្ធនេះ ស្ថិតនៅកាត់ផ្លូវមួយ ពីស្ថានទូតសហរដ្ឋអាមេរិក។
អ្នកនាំពាក្យនគរបាលលោក Florian Nath បាននិយាយថា ជនរងគ្រោះបានរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសង្គ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ការវាយប្រហារនេះ បានកើតឡើងនៅវេលាម៉ោង៦ល្ងាច ម៉ោងក្នុងតំបន់។ លោក Nath បាននិយាយបន្ថែមថា ជនរងគ្រោះពុំមានគ្រោះថ្នាក់ដល់ជីវិតទេ ហើយលោកកំពុងត្រៀមវះកាត់ ខណៈនគរបាលកំពុងប្រមូលវត្ថុតាងធ្វើកោសល្យវិច្ច័យនៅកន្លែងកើតហេតុ ។
វិមានរំលឹកនេះ ជាទីដ៏ពិសិដ្ឋបំផុតមួយនៅរដ្ឋធានីប្រទេសអាល្លឺម៉ង់ រំលឹកដល់ជនជាតិជ្វីហ្វ៦លាននាក់ ដែលត្រូវបានសម្លាប់ដោយក្រុមណាស៊ីរបស់លោក អាដុលហ្វ អ៊ីត្លែរ ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។