កោះកុង ៖ អាជ្ញាធរ យុវជន កងកម្លាំងស្រុកថ្មបាំង និងស្រុកស្រែអំបិល ខេត្តកោះកុង នាំគ្នាចុះប្រមូលផលស្រូវទុំជូនប្រជាពលរដ្ឋ ដើម្បីសម្រាលកម្លាំងពលកម្មបានមួយចំណែកដល់ពលរដ្ឋ ជាពិសេសដាល់អំបុកស្រូវថ្មីអបអរសាទរថ្ងៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២១នេះ។
រដ្ឋបាលស្រុកថ្មបាំង និងស្រុកស្រែអំបិល រៀបចំបង្កើតជាកម្មវិធីច្រូតស្រូវ និងដាល់អំបកយ៉ាងសប្បាយរីករាយក្រោមបរិយាយសាមគ្គីភាពកាន់ស្និតស្នាលគ្នារវាងអាជ្ញាធរ និងពលរដ្ឋមូលដ្ឋាន ទោះនឿយហត់ពេលដាំដុះ តែញញឹមពេលប្រមូលផល។
លោក អន សុធារិទ្ធ អភិបាលស្រុកថ្មបាំង និងលោក ជា ចាន់កញ្ញា អភិបាលស្រុកស្រែអំបិល ឱ្យដឹងរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ២០២១ថា តបនឹងការគាំទ្រពីលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ក្នុងគោលដៅជួយសម្រាលកម្លាំងពលកម្មរបស់ពលរដ្ឋបានមួយចំនួនអំឡុងពេលប្រមូលផលស្រូវឆ្នាំនេះ។ រីឯការដាល់អំបុក គឺចូលរួមអបអរថ្ងៃពិធីបុណ្យអុំទូក ដើម្បីរក្សាទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ និងទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តក្នុងខេត្ត។
លោកអភិបាលស្រុកថ្មបាំង និងលោកអភិបាលស្រុកស្រែអំបិល បន្ថែមទៀតថា ការចុះជួយច្រូតស្រូវជូនពលរដ្ឋធ្វើឡើងនៅស្រុកថ្មបាំង ស្ថិតនៅភូមិត្រពាំងខ្នារ ឃុំតាទៃលើ។ ដោយឡែកនៅស្រុកស្រែអំបិល នៅភូមិខ្សាច់ក្រហម ឃុំជីខក្រោម។ តាមការវាយតម្លៃបឋម ប្រជាពលរដ្ឋទទួលបានទិន្នផលស្រូវច្រើនជាងឆ្នាំទៅ ដោយសារភ្លៀងធ្លាក់គ្រប់គ្រាន់ មានប្រព័ន្ធធានាសាស្រ្ត និងចំណេះដឹងធ្វើកសិកម្មតាមលក្ខណៈបច្ចេកទេស ជាដើម។
ពលរដ្ឋជាម្ចាស់ស្រែចម្ការ បង្ហាញក្តីរីករាយពេលឃើញអាជ្ញាធរ យុវជន និងកម្លាំងប្រដាល់ចុះជួយច្រូតជូនពួកគាត់ គ្រាការប្រមូលផលស្រូវ ខ្លះធ្វើដោយដៃផ្ទាល់ ខ្លះទៀតជួលម៉ាស៊ីនច្រូត។ ទិន្នផលស្រូវប្រមូលបាន គឺរក្សាទុកជាស្បៀងអាហារបរិភោគប្រចាំថ្ងៃ ឬលក់ដូរទៅកាន់ទីផ្សារតាមតម្រូវការរបស់ក្រុមគ្រួសារកសិករម្នាក់ៗ។
លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ពេញចិត្តយ៉ាងខ្លាំងនឹងទិន្នផលដែលអ្នកភូមិឃុំស្រុកបង្កបង្កើនរីកចម្រើន ត្បិតសង្គមញុំញីដោយជំងឺកូវីដ១៩ជាង២ឆ្នាំកន្លងមកនេះក៏ដោយ។ លោកែណនាំឱ្យអាជ្ញាធរបង្កើតជាកម្មប្រលងប្រណាំងបុកអំបុកដែលមានរសជាតិឆ្ងាញ់ ដើម្បីរឹតចំណងមិត្តភាព ភាពសុខុដុមរមនា និងកិច្ចអភិវឌ្ឍន៍សង្គមជាតិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី៕អត្ថបទ៖ ឈឹម មករា




