ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA បានរាយការណ៍កាលពីថ្ងៃសៅរ៍ (២២ កុម្ភៈ) ដោយដកស្រង់សម្តីអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov ថា កិច្ចប្រជុំលើកទីពីររវាងតំណាងរុស្ស៊ី និងសហរដ្ឋអាមេរិក ត្រូវបានគ្រោងទុកសម្រាប់រយៈពេលពីរសប្តាហ៍បន្ទាប់នេះ។
លោក Ryabkov បានប្រាប់ RIA ក្នុងបទសម្ភាសន៍មួយថា "កិច្ចប្រជុំនោះនឹងប្រព្រឹត្តទៅនៅប្រទេសទីបី ហើយទីតាំងជាក់លាក់កំពុងត្រូវបានព្រមព្រៀងគ្នា" ដោយមិនបញ្ចេញឈ្មោះភាគីរុស្ស៊ី ឬអាមេរិករូបណាដែលនឹងចូលរួមនោះឡើយ។
គួររម្លឹកថា ទីក្រុងមូស្គូ និងក្រុងវ៉ាស៊ីនតោន បានបើកកិច្ចចរចាលើកដំបូងរបស់ពួកគេ ស្តីពីការបញ្ចប់សង្រ្គាមជិត ៣ឆ្នាំនៅអ៊ុយក្រែន កាលពីថ្ងៃអង្គារសប្ដាហ៍មុន ក្នុងគោលបំណងស្តារទំនាក់ទំនង និងរៀបចំបញ្ចប់ជម្លោះ។
វិមានក្រឹមឡាំងបាននិយាយថា កិច្ចប្រជុំដំបូងកាលពីសប្តាហ៍មុននេះ គឺផ្តោតភាគច្រើនលើទំនាក់ទំនងទ្វេភាគីរុស្ស៊ី-អាមេរិក ដែលជា "ជំហានសំខាន់ខ្លាំងណាស់" ឆ្ពោះទៅរកដំណោះស្រាយលើសង្រ្គាមអ៊ុយក្រែន៕


