ក្រុមមន្ត្រីអឺរ៉ុប បាននិយាយកាលពីថ្ងៃអាទិត្យ (២៣ កុម្ភៈ) ថា បណ្ដាមេដឹកនាំសហភាពអឺរ៉ុប នឹងជួបប្រជុំគ្នាសម្រាប់កិច្ចប្រជុំកំពូលវិសាមញ្ញមួយនៅថ្ងៃទី០៦ ខែមីនា ខាងមុខនេះ ដើម្បីពិភាក្សាអំពីការគាំទ្របន្ថែមសម្រាប់អ៊ុយក្រែន ការធានាសន្តិសុខរបស់អឺរ៉ុប និងមធ្យោបាយបង់ប្រាក់សម្រាប់តម្រូវការការពារជាតិអឺរ៉ុប។

ប្រធានកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប លោក Antonio Costa បានបង្ហោះនៅលើបណ្ដាញសង្គម X ថា "នេះជាពេលវេលាដ៏សំខាន់សម្រាប់សន្តិសុខអ៊ុយក្រែន និងអឺរ៉ុប ហើយមេដឹកនាំអ៊ឺរ៉ុប ត្រូវការប្តេជ្ញាចិត្តរួមគ្នា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនោះនៅកម្រិតកិច្ចប្រជុំសហភាពអឺរ៉ុប រួមទាំងការពង្រឹងការការពារអឺរ៉ុប ការរួមចំណែកចំពោះសន្តិភាពទ្វីប និងសន្តិសុខរយៈពេលវែងរបស់អ៊ុយក្រែន"។

ជំនួបកំពូលនេះ ធ្វើឡើងស្របពេលដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានចាប់ផ្តើមពិភាក្សាជាមួយរុស្ស៊ី ស្តីពីការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែដោយមិនមានការអញ្ជើញអ៊ុយក្រែន ឬសហភាពអឺរ៉ុបទៅកាន់តុចរចានោះទេ។ រដ្ឋបាលលោក Trump ក៏បានបញ្ជាក់យ៉ាងច្បាស់ថា ពេលនេះ អឺរ៉ុបនឹងត្រូវវិនិយោគបន្ថែមទៀតលើវិស័យការពារជាតិរបស់ខ្លួន ជាជាងពឹងផ្អែកលើទីក្រុងវ៉ាស៊ីនតោន។

នៅក្រោមកិច្ចព្រមព្រៀងក្នុងចំណោមសមាជិកអង្គការណាតូ បណ្ដាប្រទេសសហភាពអឺរ៉ុប ដែលជាផ្នែកមួយនៃសម្ព័ន្ធយោធានេះគួរតែចំណាយ ២% នៃផលិតផលក្នុងស្រុកសរុប GDP សម្រាប់វិស័យការពារជាតិជារៀងរាល់ឆ្នាំ ប៉ុន្តែប្រទេសជាច្រើន រួមទាំងប្រទេសធំៗដូចជាអាល្លឺម៉ង់ អ៊ីតាលី ឬអេស្ប៉ាញ នៅតែចំណាយតិចជាងនេះ៕