បេក្ខជនអធិការបតីនៃគណបក្សសង្គមប្រជាធិបតេយ្យអាល្លឺម៉ង់លោក Olad Scholz បានហៅលទ្ធផលនៃការបោះឆ្នោតសកលនៅប្រទេសអាល្លឺម៉ង់កាលពីថ្ងៃអាទិត្យ ២៣ កុម្ភៈ ថាជាលទ្ធផលដ៏ជូរចត់ និងការបរាជ័យសម្រាប់គណបក្សរបស់លោក។

ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រកំពុងខកចិត្តនៅឯគណបក្សក្នុងទីក្រុងប៊ែរឡាំង បន្ទាប់ពីលទ្ធផលបោះឆ្នោតបឋមត្រូវបានប្រកាស លោក Scholz បាននិយាយថា លោកបានទទួលខុសត្រូវចំពោះលទ្ធផលនេះ។

បក្សសហភាពប្រជាធិបតេយ្យគ្រីសស្ទៀន (CDU)ដែលជាគណបក្សអភិរក្សនិយមប្រឆាំងរបស់អាល្លឺម៉ង់បានឈ្នះការបោះឆ្នោតដោយធ្វើឲ្យមេដឹកនាំលោក ហ្វ្រេដឌ្រីច មែស៍ (Friedrich Merz)អាចក្លាយជាអធិការបតីបន្ទាប់ ខណៈគណបក្សជម្រើសស្តាំនិយមសម្រាប់អាល្លឺម៉ង់បានឈរក្នុងលេខរៀងទី២ ដែលទទួលបានលទ្ធផលល្អបំផុតមិនធ្លាប់មាន។ យ៉ាងណាក៏ដោយ គណបក្សរបស់លោក មែស៍ ក៏ជួបបញ្ហាក្នុងការចរចារបង្កើតរដ្ឋាភិបាលចម្រុះដែរ។
លោក មែស៍ កំពុងឆ្ពោះទៅរកអ្វីដែលទំនងជាការចរចាបង្កើតរដ្ឋាភិបាលចម្រុះដ៏យូរដោយគ្មានដៃចរចារឹងមាំ ខណៈគណបក្សដៃគូ CDU/CSU របស់លោកទទួលបានសំឡេងឆ្នោតច្រើនជាងគេ។
គេនៅតែមិនច្បាស់ថាតើលោក ហ្វ្រេដឌ្រីច មែស៍ នឹងត្រូវការដៃគូមួយ ឬពីរដើម្បីបង្កើតសំឡេងភាគច្រើន។ សម្ព័ន្ធភាពបីភាគីទំនងជានឹងមានភាពមិនរឹងមាំឡើយ ដែលរារាំងដល់សមត្ថភាពរបស់ប្រទេសអាល្លឺម៉ង់ក្នុងការបង្ហាញពីភាពជាអ្នកដឹកនាំច្បាស់លាស់ ៕