អភិបាលនៃតំបន់ភាគអាគ្នេយ៍នៃទីក្រុងមូស្គូ បាននិយាយនៅថ្ងៃចន្ទនេះថា ការធ្លាក់បំណែករបស់យានដ្រូនអ៊ុយក្រែនដែលបានបំផ្លាញ បានបង្កឲ្យមានអគ្គិភ័យ នៅសហគ្រាសឧស្សាហកម្ម ក្នុងតំបន់ Ryazan របស់ប្រទេសរុស្ស៊ី។
អភិបាលតំបន់លោក Pavel Malkov បាននិយាយនៅក្នុងសារបង្ហោះនៅលើកម្មវិធីផ្ញើសារ Telegram ថា៖«យោងទៅតាមព័ត៌មានបឋម មិនមានអ្នករងរបួសនោះទេ ការខូចខាតសម្ភារៈ កំពុងត្រូវបានវាយតម្លៃ» ។
លោក Malkov មិនបាននិយាយថាតើសហគ្រាសណា ដែលត្រូវភ្លើងឆេះនោះទេ។ Baza ដែលជាបណ្តាញព័ត៌មាន Telegram ដែលជិតស្និទ្ធនឹងសេវាកម្មសន្តិសុខរបស់ប្រទេសរុស្ស៊ី បានរាយការណ៍ថា យានដ្រូនរបស់អ៊ុយក្រែន បានកំណត់គោលដៅទៅលើរោងចក្រចម្រាញ់ប្រេង Ryazan ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Rosneft ។
ពុំមានការអត្ថាធិប្បាយភ្លាមៗពីអ៊ុយក្រែនទេ។ សារព័ត៌មានរ៉យទ័រ មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវរបាយការណ៍របស់បណ្តាញព័ត៌មាន Baza បានទេ។