រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar នឹងជួបមន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក នាថ្ងៃចន្ទ (ទី២៤ ខែកុម្ភៈ) ដោយធ្វើឲ្យមានការសន្ទនាឡើងវិញជាមួយសហភាពអឺរ៉ុប (EU) ខណៈដែលប្លុកនេះ ពិចារណាពីតួនាទី ក្នុងការចំណែកកសាងតំបន់ហ្កាហ្សាឡើងវិញ បន្ទាប់ពីមាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីខែមករា។
លោក Saar នឹងធ្វើជាសហប្រធានកិច្ចប្រជុំនៃក្រុមប្រឹក្សាសមាគមសហភាពអឺរ៉ុប-អ៊ីស្រាអែល (EU-Israel) ជាមួយប្រធានគោលនយោបាយការបរទេសរបស់ EU គឺលោកស្រី Kaja Kallas ជាសម័យប្រជុំបែបនេះលើកដំបូង គិតចាប់តាំងពីឆ្នាំ២០២២ ដោយការពិភាក្សាត្រៀមផ្តោតលើស្ថានភាពមនុស្សធម៌ នៅតំបន់ហ្កាហ្សា ទំនាក់ទំនងអ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយនិងស្ថានភាពប្រែប្រួល ក្នុងតំបន់។

កាលពីដើមខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក លោក Donald Trump បានធ្វើឲ្យប្រទេសអារ៉ាប់ និងសម្ព័ន្ធមិត្តលោកខាងលិចមិនសប្បាយចិត្ត ដោយស្នើឲ្យសហរដ្ឋអាមេរិក «កាន់កាប់» តំបន់ហ្កាហ្សា ដោយផ្លាស់ប្ដូរទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីនជាអចិន្ត្រៃយ៍ និងបង្កើត «តំបន់មជ្ឈិមបូព៌ាដ៏ស៊ីវិល»។
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំសហភាពអឺរ៉ុប លោក Haim Regev បានប្រាប់ Reuters ថា៖ «ការជួបជុំរបស់ក្រុមប្រឹក្សាសមាគម នាថ្ងៃចន្ទនេះ គឺជាឱកាសដ៏សំខាន់មួយ ដើម្បីបញ្ជាក់ឡើងវិញ និងពង្រឹងភាពជាដៃគូ រវាងអ៊ីស្រាអែល និងសហភាពអឺរ៉ុប»។
គួរបញ្ជាក់ថា ការវាយប្រហាររបស់ក្រុមហាម៉ាស លើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ និងការឆ្លើយតបរបស់អ៊ីស្រាអែល បានបង្ហាញឲ្យឃើញការបែកបាក់យ៉ាងខ្លាំង នៅក្នុងរង្វង់ EU។ ទោះបីជាសមាជិកទាំងអស់ បានថ្កោលទោសការវាយប្រហាររបស់ក្រុមហាម៉ាស ដោយមានអ្នកខ្លះការពារយ៉ាងម៉ឺងម៉ាត់ ចំពោះសង្គ្រាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ក៏សមាជិកផ្សេងទៀត បានថ្កោលទោសយុទ្ធនាការយោធារបស់អ៊ីស្រាអែល និងការសម្លាប់ជនស៊ីវិល៕


