ភ្នំពេញ ៖ ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក បញ្ចប់ទៅដោយជោគជ័យ ដែលចាប់ផ្តើមពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២១នេះ។ ជាមួយការបិទបញ្ចប់នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ ជាពិសេសវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។
ពលរដ្ឋមកដើរកំសាន្តនៅមុខព្រះបរមរាជវាំង នៅយប់ទី២០ខែវិច្ឆិកាម្សិលមិញ ដែលជាថ្ងៃចុងបញ្ចប់នៃពិធីបុណ្យអុំទូក បានប្រាប់BTVឲ្យដឹងថា តាមការសង្កេតមើល ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងពិធីបុណ្យអុំទូកនៅឆ្នាំនេះ គឺរៀបចំបានល្អ បើទោះបីមិនមានការប្រណាំងទូក ការបាញ់កាំជ្រួច និងបណ្តែតប្រទីបជាដើម។
ក្រៅពីនេះ ពួកគាត់រំពឹងទុកថា នៅឆ្នាំក្រោយរាជរដ្ឋាភិបាល គួរតែរៀបចំពិធីបុណ្យអុំទូកឡើងវិញ ប្រសិនបើជំងឺកូវីដ មានភាពធូរស្រាល។
ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ រាជដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនៅក្នុងឆ្នាំ២០២១នេះ ប៉ុន្តែអនុញ្ញាតអោយប្រជាពលរដ្ឋ មន្ត្រីរាជការ និងបុគ្គលិកក្រុមហ៊ុនឯកជនទាំងអស់បានឈប់សម្រាកដូចប្រតិទិនដែលកំណត់។
បើទោះបីពិធីបុណ្យអុំទូកនៅថ្នាក់ជាតិត្រូវបានផ្អាក តែការរៀបចំពិធីបុណ្យអុំទូក នៅតាមបណ្តាខេត្តអាចរៀបចំបាន ដោយគោរពវិធានការសុខាភិបាលការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩ ហើយប្រជាពលរដ្ឋអាចដើរកំសាន្តនៅតំបន់ទេសចរណ៍ផ្សេងៗបានផងដែរ៕
អត្ថបទ៖ទូច សោភ័ណ






