អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres នៅថ្ងៃចន្ទ (ទី២៤ ខេកុម្ភៈ) នេះ បាននិយាយថា ប្រទេសនានាត្រូវតែប្រឹងប្រែង ដើម្បីបញ្ចប់សង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន ដោយអំពាវនាវសុំឲ្យមានសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង នៅថ្ងៃគម្រប់ខួបលើកទី៣ នៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។
លោកបានប្រាប់កិច្ចប្រជុំជាន់ខ្ពស់នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ (ស្វីស) ថា៖ «យើងត្រូវតែប្រឹងប្រែង ដើម្បីបញ្ចប់ជម្លោះនេះ ហើយសម្រេចឲ្យបាននូវសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង ស្របតាមធម្មនុញ្ញ UN ច្បាប់អន្តរជាតិ និងសេចក្តីសម្រេចរបស់មហាសន្និបាត»។ លោកក៏បានលើកឡើងវិញផងដែរថា សកម្មភាពរបស់រុស្ស៊ី កាលពីខែកុម្ភៈ ឆ្នាំ២០២២ បានរំលោភលើឯកសារស្ថាបនិករបស់ស្ថាប័នសាកល ដែលជាធម្មនុញ្ញរបស់ UN។

ការអត្ថាធិប្បាយរបស់លោកកើតមានឡើងតែបន្តិចនៅមុនការជួបប្រជុំគ្នារបស់ UN ស្ដីអំពីបញ្ហាអ៊ុយក្រែន នាយប់ថ្ងៃចន្ទនេះ នៅទីក្រុងញូវយ៉ក ដោយសហរដ្ឋអាមេរិកបានជំរុញឲ្យរដ្ឋនានាគាំទ្រដំណោះស្រាយដែលខ្លួននិយាយថា ផ្តោតលើការបញ្ចប់សង្រ្គាម និងដែលផ្ទុយនឹងដំណោះស្រាយរបស់អ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុប។
គំនិតនោះលើកឡើងជាថ្មីម្តងទៀតនូវការទាមទាររបស់ UN ដែលថា រុស្ស៊ីត្រូវដកទ័ពចេញ និងបញ្ឈប់អរិភាព ដែលទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ នាពេលកន្លងមក៕


