ការចាប់ផ្ដើមឆ្នាំទី៤ របស់អ៊ុយក្រែន នៅក្នុងសង្រ្គាមដែលគ្របដណ្ដប់ដោយរឿងមិននឹកស្មានដល់ ពេលនេះបានចោទជាសំណួរយ៉ាងម៉ឺងម៉ាត់ និងតានតឹងបំផុតចំពោះសន្តិសុខរបស់អឺរ៉ុបទាំងអស់ ដែលកំពុងស្ថិតនៅលើមាត់ជ្រោះ ខណៈជំហរគាំទ្ររបស់សហរដ្ឋអាមេរិក ហាក់ងាកចេញបន្តិចម្ដងៗ។

អាមេរិក បានប្រែក្លាយពីអ្នកផ្ដល់ជំនួយយោធាដ៏មានគុណធម៌ ទៅជាអ្នកធ្វើជំនួញលើធនធានរបស់ទីក្រុងគីវ។ ប្រធានាធិបតីអ៊ុយក្រែន ឥឡូវនេះ ត្រូវតែទប់ទល់ជាមួយនឹងការពិនិត្យឡើងវិញពីសេតវិមាន ដែលធ្លាប់ជាអ្នកគាំទ្រដ៏ខ្ជាប់ខ្ជួនរបស់អ៊ុយក្រែន។ រឿងនេះបានធ្វើឱ្យអឺរ៉ុបអន្ទះសារ និងព្រួយចិត្ត។

ការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Peter Hegseth នៅទីក្រុងព្រុចសែល ដែលថា អាមេរិកលែងជាអ្នកធានាសន្តិសុខអឺរ៉ុបទៀតហើយ បានបំផ្លិចបំផ្លាញភាពកក់ក្ដៅផ្នែកសន្តិសុខរយៈពេល ៨០ឆ្នាំនៅលើទ្វីបនេះ។ នេះប្រហែលជាការបំភិតបំភ័យដើម្បីឱ្យអឺរ៉ុប បង្កើនការចំណាយផ្នែកសន្តិសុខប៉ុណ្ណោះ ប៉ុន្តែទោះយ៉ាងណាក៏ដោយ សន្តិសុខនុយក្លេអ៊ែរមិនមែនជារឿងអាចយកមកលេងសើចបានទេ។

អឺរ៉ុបទទួលបានការធានាសន្តិសុខរបស់អាមេរិក ដែលផ្តល់ឱ្យអស់ជាច្រើនទស្សវត្សរ៍មកហើយ ហើយឥឡូវនេះកំពុងស្រពេចស្រពិល និងប្រឹងប្រែងរកវិធីសាស្រ្តទប់ទល់ ខណៈទ្វីបដ៏ចំណាស់មួយនេះក៏ពួតដៃគ្នាយ៉ាងរឹងមាំនៅពីក្រោយអ៊ុយក្រែន ហើយទទូចថា កិច្ចព្រមព្រៀងសន្តិភាពណាមួយក្នុងជម្លោះដែលមានគម្រប់ខួបលើកទី៣ កាលពីថ្ងៃចន្ទ ២៤ កុម្ភៈ សប្ដាហ៍នេះ គឺត្រូវតែយុត្តិធម៌៕