ការបង្កកជំនួយបរទេសដ៏ច្រើនសន្ធឹកសន្ធាប់របស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានប៉ះពាល់កម្មវិធីជាច្រើនរបស់អង្គការសហប្រជាជាតិ នៅប្រទេសម៉ិកស៊ិក ជាពិសេសនៅតាមកំពង់ផែ ដែលមានគោលបំណងបញ្ឈប់ការនាំចូលសារធាតុគីមីហ្វង់តានីល មិនឱ្យទៅដល់ដៃក្រុមជួញដូរគ្រឿងញៀនរបស់ប្រទេសនេះ នេះបើយោងតាមប្រភពដែលដឹងពីស្ថានភាពនេះ។

កម្មវិធីនោះគឺជាកិច្ចខិតខំប្រឹងប្រែងមួយក្នុងចំណោមកិច្ចប្រឹងប្រែងប្រឆាំងគ្រឿងញៀនជាច្រើនរបស់សហរដ្ឋអាមេរិក នៅម៉ិកស៊ិក ដែលត្រូវបានបង្អាក់ក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារតែការផ្អាកជំនួយ។ គួរបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះបានផ្តល់ឱ្យកងទ័ពជើងទឹកម៉ិកស៊ិក ជាមួយនឹងការបណ្តុះបណ្តាល និងឧបករណ៍ដើម្បីកែលម្អការត្រួតពិនិត្យទំនិញចេញចូលពីកំពង់ផែកុងតឺន័រ Manzanillo ដ៏មមាញឹកបំផុតរបស់ប្រទេស នឹងកន្លែងជាច្រើន។

ប្រភពនិយាយថា សហរដ្ឋអាមេរិក បានផ្តល់ថវិកាចំនួន ៨០០.០០០ដុល្លារ ដើម្បីចាប់ផ្តើមកិច្ចប្រឹងប្រែងនៅកំពង់ផែ Manzanillo ក្នុងឆ្នាំ២០២៣ ហើយវិធានការបង្កកជំនួយរបស់លោក Trump បានបង្កផលប៉ះពាល់យ៉ាងទូលំទូលាយលើរឿងនេះ។

កំពង់ផែ Manzanillo បានក្លាយចំណុចប្រមូលផ្ដុំគ្រឿងញៀនជាយូរមកហើយ ដែលអ្នករត់ពន្ធលួចចម្លងសារធាតុគីមីចូលទៅក្នុងម៉ិកស៊ិក ដើម្បីផ្គត់ផ្គង់មន្ទីរពិសោធន៍ខុសច្បាប់ ដែលផលិតថ្នាំអាភៀនសំយោគ និងមេតំហ្វេតាមីន។ អ្នកជួញដូរក៏បានរក្សាទុកថ្នាំញៀនមួយចំនួន រួចដាក់លើនាវាដឹកទំនិញក្រៅប្រទេស ជាពិសេសថ្នាំមេតំហ្វេតាមីន ឆ្ពោះទៅអឺរ៉ុប និងសារធាតុហ្វង់តានីលទៅសហរដ្ឋអាមេរិក៕