លោក Friedrich Merz ដែលទើបតែទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជាតិនៅអាល្លឺម៉ង់ បានបញ្ចេញនូវអ្វីដែលអាចជាការប្ដេជ្ញាយ៉ាងច្បាស់លាស់ទៅកាន់លោកប្រធានាធិបតីអាមេរិក Donald Trump ដោយបង្ហាញពីបំណងផ្ដាច់ខ្លួនចេញពីការពឹងផ្អែកលើទីក្រុងវ៉ាស៊ីនតោន ខណៈសម្ព័ន្ធភាពអឺរ៉ុបដ៏កក់ក្ដៅរយៈពេល ៨០ឆ្នាំជាមួយសហរដ្ឋអាមេរិក ហាក់រង្គោះរង្គើ។

លោក Merz ដែលជិតក្លាយជាមេដឹកនាំថ្មីរបស់អាល្លឺម៉ង់ បានលើកឡើងថា "រដ្ឋបាលលោក Trump មិនខ្វល់ខ្វាយពីអឺរ៉ុបទេ ហើយកំពុងដើរទន្ទឹមគ្នាជាមួយរុស្ស៊ី" ដោយព្រមានថា "ទ្វីបនេះត្រូវតែពង្រឹងការការពាររបស់ខ្លួនជាបន្ទាន់ ហើយអាមេរិក អាចនឹងជំនួសអង្គការណាតូ ក្នុងប៉ុន្មានខែទៀតនេះ" ដែលបង្ហើបថា សម្ព័ន្ធយោធាមួយនេះអាចនឹងស្លាប់បាត់ក្នុងពេលឆាប់ៗ។

ការអត្ថាធិប្បាយរបស់លោក Merz បានគូសបញ្ជាក់ពីឥទ្ធិពលរបស់លោក Trump ក្នុងការអង្រួនគ្រឹះនយោបាយរបស់អឺរ៉ុបដ៏ខ្លាំងក្លា ដែលពឹងផ្អែកលើការធានាសន្តិសុខរបស់សហរដ្ឋអាមេរិក តាំងតែពីឆ្នាំ១៩៤៥មក។ ប្រសិនបើលោកធ្វើតាមវោហាសាស្ត្ររបស់ខ្លួនបន្ទាប់ពីការប្រជុំរដ្ឋាភិបាលអាល្លឺម៉ង់ថ្មីក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះពិតមែន លោក Merz នឹងដឹកនាំអឺរ៉ុបក្នុងទិសដៅថ្មី នៅពេលវេលាដ៏សំខាន់សម្រាប់សន្តិសុខអ៊ុយក្រែន និងតំបន់យ៉ាងធំទូលាយ។

ការលើកឡើងដ៏អង់អាចបែបនេះពីលោក Merz ដែលជាមេដឹកនាំបន្ទាប់នៃប្រទេសសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុបមួយនេះ គឺខ្លាំងក្លាជាងប្រមុខរដ្ឋាភិបាលណាៗទាំងអស់ដែលបានធ្វើ ដើម្បីឆ្លើយតបទៅនឹងភាពរង្គោះរង្គើរយៈពេល ១០ថ្ងៃ របស់ប្រធានាធិបតីអាមេរិកប្រឆាំងនឹងអឺរ៉ុប និងអ៊ុយក្រែន៕