លោកប្រធានាធិបតី Vladimir Putin បានលើកឡើងកាលពីថ្ងៃចន្ទ (២៤ កុម្ភៈ) ថា ការចូលរួមរបស់អឺរ៉ុប នៅក្នុងកិច្ចចរចាសន្តិភាពអ៊ុយក្រែន នឹងត្រូវការជាចាំបាច់នៅទីបំផុត ប៉ុន្តែជាដំបូង ទីក្រុងមូស្គូចង់កសាងទំនុកចិត្តជាមួយទីក្រុងវ៉ាស៊ីនតោនសិន ខណៈលោកបានបង្ហើបប្រាប់ថា កិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះស្ថិតនៅឆ្ងាយនៅឡើយ។

ខណៈអ៊ុយក្រែន ប្រារព្ធខួបលើកទីបីនៃសង្រ្គាមជាមួយរុស្ស៊ី កាលពីថ្ងៃចន្ទ ដែលបានសម្លាប់ជនស៊ីវិលរាប់ពាន់នាក់ និងមនុស្សរាប់លាននាក់ត្រូវភៀសខ្លួន ប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកឡើងថា សង្រ្គាមអាចនឹងបញ្ចប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតទេ។

លោក Putin បានប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ីថា លោក Trump កំពុងរំកិលទៅជិតជម្លោះរុស្ស៊ី និងអ៊ុយក្រែន ប្រកបដោយហេតុផល និងមិនប្រើមនោសញ្ចេតនាលម្អៀងឡើយ ប៉ុន្តែក៏បានលើកឡើងថា ជម្លោះប្រហែលជាមិនបញ្ចប់ភ្លាមៗតាមដែលលោក Trump ចង់បាននោះទេ។ មេដឹកនាំរុស្ស៊ីរូបនេះបន្ថែមថា ការសន្ទនាតាមទូរសព្ទរបស់លោកជាមួយលោក Trump និងកិច្ចពិភាក្សាថ្មីៗរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី នៅទីក្រុងរីយ៉ាដ បានគ្របដណ្ដប់លើបញ្ហាជាច្រើននៃការដោះស្រាយជម្លោះនៅអ៊ុយក្រែន។

សម្ព័ន្ធមិត្តអឺរ៉ុបរបស់អ៊ុយក្រែន បានជំទាស់យ៉ាងខ្លាំងដោយសារតែមិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចចរចាដំបូងនោះ ខណៈលោក Putin បញ្ជាក់ថា អឺរ៉ុបមិនមានអ្វីពាក់ព័ន្ធជាមួយកិច្ចពិភាក្សានៅទីក្រុងរីយ៉ាដឡើយ ព្រោះការពិភាក្សានោះផ្តោតលើការបង្កើតជំនឿទុកចិត្តរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោនប៉ុណ្ណោះ៕