អាជ្ញាធរ បានប្រាប់ឲ្យដឹងថា មានអ្នកសា្លប់យ៉ាងហោចណាស់ ៣នាក់ ហើយ ៦នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីស្ពានមួយ បានបាក់រលំនៅឯការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ក្នុងប្រទេសកូរ៉េខាងត្បូង នាថ្ងៃអង្គារ (ទី២៥ ខែកុម្ភៈ) នេះ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានចាក់ផ្សាយវីដេអូដ៏គួរឲ្យរំជួលចិត្តនៃអ្វីដែលទំនងជាផ្នែកមួយនៃស្ពានកំពុងបាក់ ដោយបង្កឲ្យមានសំណុំផ្សែងយ៉ាងធំហោះទៅលើអាកាស។
យោងតាមសេចក្តីថ្លែងការណ៍របស់ភ្នាក់ងារពន្លត់អគ្គិភ័យជាតិ បានឲ្យដឹងថា មានអ្នកស្លាប់ ៣នាក់ និង ៦នាក់ រងរបួស ក្នុងនោះ ៥នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ទីភ្នាក់ងារនេះ បានប្រាប់បន្ថែមថា អាជ្ញាធរកំពុងបន្តស្វែងរកអ្នករស់រានផ្សេងទៀត។ មន្ត្រីក្រសួងមហាផ្ទៃម្នាក់ បានប្រាប់សារព័ត៌មាន AFP ថា អ្នករបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ឧបទ្ទវហេតុនេះ បានកើតឡើងនៅម៉ោងប្រហែល ៩:៥០នាទីព្រឹក (ម៉ោងក្នុងស្រុក) នៅទីក្រុង Anseong (អាន់សង) ចម្ងាយប្រហែល ៦៥គីឡូម៉ែត្រ នៅភាគខាងត្បូងទីក្រុងសេអ៊ូល។
ប្រធានាធិបតីស្តីទី លោក Choi Sang-mok បានចេញសេចក្តីណែនាំបន្ទាន់ ដើម្បីប្រមូលធនធាន និងបុគ្គលិកដែលមានទាំងអស់ សម្រាប់ប្រតិបត្តិការជួយសង្គ្រោះ៕